ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព បុទមបូផល បង្ហាញក្ដីអាល័យសិល្បៈ

ទោះជាបានចាកចេញទៅរស់នៅប្រទេសបារាំងជាមួយស្វាមី និងកូនៗយ៉ាងឡូយឆាយ ប៉ុន្តែគេកត់សម្គាល់ថាតារាសម្ដែង និងជាអតីតតារាសម្ដែង អ្នកនាង ទេព បុទមបូផល ហាក់មិនសូវបង្ហោះឲ្យឃើញពីទិដ្ឋភាពជក់ចិត្តនៅលើទឹកដីបរទេសនោះទេ ផ្ទុយទៅវិញអ្នកនាង បែរជាបង្ហោះឲ្យឃើញពីការងារ និងស្នាដៃសិល្ប:ដែលបានកប់បាត់ឲ្យឃើញច្រើនជាង ដែលបង្ហាញយ៉ាងច្បាស់ថាអ្នកនាងមិនដាច់អាល័យទាល់តែសោះពីអាជីពសិល្ប:ដែលបានបោះបង់។

យ៉ាងណាមិញ អ្នកនាងបានបង្ហើបប្រាប់ថា នៅតែមិនទាន់ប្រាកដថានឹងលាឈប់ពីសិល្ប:នោះទេ ដោយអ្នកនាងនៅតែរំពឹងថានឹងអាចត្រលប់មកក្ដោបក្ដាប់ការងារមួយនេះក្នុងពេលណាមួយ។

នៅលើហ្វេសប៊ុកអ្នកនាង ទេព បុទមបូផល ស្ទើរតែមិនមានការផុសបង្ហោះណាមួយ ដែលអ្នកនាងមិនផុសបង្ហោះពាក់ព័ន្ធនឹងការងារសិល្ប:នាពេលកន្លងមកនោះទេ ដោយអ្នកនាងបានគាស់កកាយទិដ្ឋភាពចាស់ៗរបស់ខ្លួន មិនថាការសម្ដែង និងថតឈុតបង្ហាញពីស្ទីលទម្រង់បុរាណនោះឡើយ ដោយអ្នកគាំទ្រខ្លះមិននឹកស្មានថាតារាស្រីរូបនេះ ស្ថិតនៅក្នុងប្រទេសបារាំង ឬដាច់ឆ្ងាយពីការងារសិល្ប:ផង។
អ្នកខ្លះនឹកស្មានថារូបភាពដែលអ្នកនាងបង្ហោះឡើង គឺជារូបភាពបង្ហាញពីការងារសិល្ប:ថ្មី និងខ្លះថាអ្នកនាងប្រហែលជាមានការងារសិល្ប:យ៉ាងសកម្ម បើទោះជាបានទៅរស់នៅសោយសុខនៅក្នុងប្រទេសបារាំង។

អ្នកនាងរមែងបង្ហាញទស្សន:ឈឺឆ្អាលចំពោះស្ថានការណ៍ដែលបានកើតឡើងពាក់ព័ន្ធនឹងសិល្ប:មិនសូវលោះពេលនោះឡើយ ដោយសូម្បីតែក្នុងពេលដែលមហាជនខ្មែរភ្ញាក់ផ្អើលជុំវិញរឿងល្ខោនខោល ក៏អ្នកនាងបង្ហោះរូបពាក់ព័ន្ធនឹងសិល្ប:បុរាណនេះ និងបានបង្ហោះសកម្មភាពកន្លងមករបស់អ្នកនាង ដែលធ្លាប់បានធ្វើដើម្បីទ្រទ្រង់សិល្ប:ទម្រង់បុរាណ។

រូបថតច្រើនសន្លឹកដែលអ្នកនាងបានបង្ហោះនាពេលចុងក្រោយ សុទ្ធតែបានស្ដែងឡើងយ៉ាងច្បាស់ថា អ្នកនាងនឹកស្ដាយសិល្ប: ជាពិសេសនៅពេលដែលអ្នកនាងបង្ហោះពីការងារចាស់ៗ ហើយបានបង្ហើពាក្យថា«សល់តែអនុស្សាវរីយ៍»។

អ្នកនាង ទេព បុទមបូផល ធ្លាប់បានបញ្ជាក់ថាដំណើរទៅរស់នៅប្រទេសបារាំងលើកនេះ មិនដឹងថាពេលណានឹងបានត្រលប់មកវិញនោះទេ ដោយសារតែស្វាមីរបស់អ្នកនាងដែលទើបវះកាត់បេះដូង មិនអាចរស់នៅក្នុងស្ថានភាពនៅកម្ពុជាបន្តទៀតបាន ហើយតម្រូវឲ្យអ្នកនាងត្រូវតែលះបង់ស្រុកកំណើត ដើម្បីនៅមើលថែស្វាមីដែលខាងគ្រូពេទ្យឲ្យនៅតាមដានសុខភាពនៅបារាំង។

ស្របគ្នាដែលអ្នកនាងបានសម្រេចចិត្តប្រមូលកូនៗទៅរស់នៅជាមួយគ្មានសល់នេះផង ទើបកាន់តែធ្វើឲ្យអ្នកនាងមិនអាចកំណត់រឿងវិលមកកាន់សិល្ប:វិញនៅកម្ពុជា ដែលនាំឲ្យអ្នកនាងស្ដាយស្រណោះពីការងារដែលធ្លាប់សាង។

យ៉ាងណាមិញអ្នកនាងថាខ្លួនមិនបោះបង់សិល្ប:ទេ ដោយអ្នកនាងនឹងបង្ហាញខ្លួននៅកម្ពុជាម្ដងម្កាល ហើយបង្ហាញខ្លួនទទួលការងារកំប្លែង ច្រៀងនិងសម្ដែងកុំឲ្យមហាជនភ្លេចមុខ៕

មតិយោបល់