ព័ត៌មានសិល្បៈ និងកម្សាន្ត

ពន្លកថ្មី៣រូប ត្រូវផលិតករបញ្ជាក់មូលហេតុ បានសម្ដែងក្នុងបទស្រី«ឧបសគ្គស្នេហ៍»

ខណ:ដែល MV បទស្រី«ឧបសគ្គស្នេហ៍» ដែលបកស្រាយដោយតារាចម្រៀងថោន កញ្ញា ស៊ូ ស៊ីរីកា ត្រូវបានគេកត់សម្គាល់ថា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោយការបង្ហោះមិនទាំងបានប៉ុន្មានម៉ោងនៅឡើយនោះ អ្នកទស្សនាភាគច្រើនបានសរសើរពីសំណាងរបស់តារារះថ្មី៣រូបយ៉ាងខ្លាំង ដោយសារតែគេគឺជាតារាពន្លកថ្មីប៉ុណ្ណោះតែបានសម្ដែងក្នុងបទចម្រៀងនេះ ដែលជួយឆាប់ឲ្យពួកគេត្រូវគេស្គាល់តែម្ដង។ ពាក់ព័ន្ធនឹងហេតុផលនេះ លោក Rith Omega ដែលជាអ្នកនិពន្ធ និងដឹកនាំការសម្ដែង បានប្រាប់ពីហេតុផលជាច្រើនដែលនាំឲ្យតារាទាំង៣មានមុខក្នុងសាច់រឿងបទ«ឧបសគ្គស្នេហ៍»ដែលមានអ្នកទស្សនារាប់ម៉ឺនដងនេះ។

តារាថ្មីទាំង៣រូបនោះ រួមមាន កញ្ញា ពីនពីន ដែលសម្ដែងជាតួអង្គគូដណ្ដឹងតួឯកប្រុស តារាសម្ដែង លោក Mr.Nel និងតារាសម្ដែង លោក ម៉ូន វិស្នុ ដែលបានសម្ដែងជាតួអង្គមិត្តភ័ក្រ្តជិតស្និទ្ធរបស់តួប្រុស ខណ:ដែលក្នុងរឿងនេះ គឺពួកគេម្នាក់ៗមានប្លង់សម្ដែងច្រើន ហើយចំពោះរូបសម្រស់ និងសមត្ថភាពគឺសម្ដែងមិនចាញ់តួឯកប្រុស និងតួឯកស្រី ដែលមានបទពិសោធន៍សម្ដែងរាប់មិនអស់ពីមុន។ លោក Rith Omega អ្នកដឹកនាំរឿងក្នុងបទ«ឧបសគ្គស្នេហ៍»របស់ ស៊ូ ស៊ីរីកា ដែលទើបចេញបង្ហោះក្ដៅៗ បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តយកតារារះថ្មីទាំង៣ ឲ្យសម្ដែងក្នុងបទចម្រៀងនេះ គឺដោយសារតែហេតុផលក្នុងពេលធ្វើតេស្ដ តារាទាំង៣សម្ដែងបានត្រូវតាមការចង់បាន ហើយបើនិយាយពីរូបរាង និងមុខមាត់ គឺត្រូវតែក្ដីស្រម៉ៃរបស់លោក។ លោកបានទាំងសរសើរថា កញ្ញាពីនពីន ដែលសម្ដែងជាតួអង្គ គូដណ្ដឹងតួឯកប្រុស លោក Mr.Nel ដែលសម្ដែងជាតួមិត្តភ័ក្រ្តតួឯកប្រុស និងតារាសម្ដែងលោក ម៉ូន វិស្នុ ដែលសម្ដែងជាតួមិត្តភ័ក្រ្តរបស់តួឯកប្រុសដែរនោះ សម្ដែងបានល្អ ដោយលោកប្រកាសថាតារាថ្មីថ្មោងទាំង៣ នឹងត្រូវលោកសម្រេចឲ្យសម្ដែងក្នុងបទចម្រៀងថ្មីនោះផង។ លោកថាខ្លួនមើលឃើញពីទេពកោសល្យតារាទាំង៣ ទើបសម្រេចឲ្យសម្ដែងក្នុងបទចម្រៀងនេះ ព្រោះលោកបានដឹងទុកមុនទៅហើយថាបទ«ឧបសគ្គស្នេហ៍»របស់តារាចម្រៀង កញ្ញា ស៊ូស៊ីរីកា នឹងមានការគាំទ្រមិនចាញ់បទ«ឧបសគ្គស្នេហ៍»របស់លោក ហាក់ រីខត ដែលលោកបានធ្វើឲ្យផ្ទុះដែរនោះ។ តារាទាំង៣ ត្រូវបានគេរំពឹងថានឹងបោះជំហានក្នុងវិស័យសម្ដែងកាន់តែមានកេរ្តិ៍ឈ្មោះនោះផង តាមរយ:ឱកាសត្រូវគេស្គាល់ច្រើនក្នុងសាច់រឿងបទ«ឧបសគ្គស្នេហ៍»របស់ ស៊ូស៊ីរីកានេះ៕

មតិយោបល់