ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត ស៊ឹម សុរ៉ាមភូមិ ទទួលបានសញ្ញាប័ត្រផ្នែកផលិតភាពយន្ត

កាលពីល្ងាចថ្ងៃទី២២ កញ្ញា តារាសម្ដែង លោក ស៊ឹម សុរ៉ាមភូមិ ដែលត្រូវបានគេស្គាល់ថា ជាផលិតករមួយរូបផង បានទទួលសញ្ញាប័ត្រនិពន្ធ និងផ្នែកផលិតភាពយន្តគួរឲ្យសរសើរ បន្ទាប់ពីលោកបានអះអាងថា សម្ងំហាត់រៀនជំនាញនេះ ជាមួយនឹងសាស្ត្រាផ្នែកផលិតភាពយន្ត អស់ប្រមាណជិត២ឆ្នាំ។ ការទទួលបានសញ្ញាប័ត្រនេះ ធ្វើឲ្យលោកបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង ខណ:លោកថា មានទឹកមាត់តែម្ដង ដោយត្រូវបានផលិតករបរទេសមួយរូបជ្រើសឲ្យធ្វើជាដៃគូផលិតកុន។

លោក ស៊ឹម សុរ៉ាមភូមិ បញ្ជាក់ថា លោកបានសម្រេចចិត្តចូលរៀនវគ្គបណ្ដុះបណ្ដាលផ្នែកនិពន្ធ និងផលិតភាពយន្តនេះ ប្រមាណជាជាង១ឆ្នាំមកហើយ ដោយក្នុងរយ:ពេលសិក្សា លោកទទួលបានបទពិសោធន៍យ៉ាងខ្លាំងជាពិសេសលើគន្លឹះសំខាន់ៗ ក្នុងការនិពន្ធសាច់រឿង និងផលិតភាពយន្តដែលអាចតម្រូវទៅតាមស្ដង់ដារទីផ្សារទាំងក្នុង និងក្រៅស្រុកបាន។ ក្នុងនោះកម្មវិធីសិក្សាទាំងមូល ក៏តម្រូវឲ្យលោករំលេចស្នាដៃជាច្រើនលើកជាច្រើនសារ មុនឈានទៅវិនិច្ឆ័យដើម្បីប្រគល់សញ្ញាប័ត្រឲ្យនោះផង។ លោកថាក្នុងវគ្គបណ្ដុះបណ្ដាលជំនាន់ទី២នេះ មានអ្នកសិក្សាច្រើននាក់ ប៉ុន្តែអ្នកទទួលបានសញ្ញាប័ត្រផ្លូវការមានតែ១៤រូបប៉ុណ្ណោះ ដោយសារតែសិស្សផ្សេងទៀត បំពេញលក្ខខណ្ឌរបស់លោកគ្រូអ្នកគ្រូ មិនបានពេញលេញ។

លោកស៊ឹម សុរ៉ាមភូមិ និយាយថា តាំងពីលោកមិនទាន់ទទួលបានសញ្ញាប័ត្រផ្លូវការ គឺមានផលិតករច្រើនឡើង ចង់ឲ្យលោកផលិតរឿងឲ្យតែម្ដង ដោយអ្វីដែលលោកសប្បាយចិត្ត គឺមានផលិតករបរទេសមួយរូបបានកុងត្រាឲ្យលោកផលិតរឿងឲ្យ ដែលលោកប្រាប់ថា ហេតុផលនៃការទទួលបានការងារនោះ គឺដោយសារតែលោកទទួលបានការហាត់រៀននេះឯង។ លោកមិនមានគម្រោងបើកផលិតកម្ម ដោយផ្ទាល់នោះទេ ដោយលោកនឹងយកចំណេះដែលមានទៅសហការផលិតជាមួយផលិតករក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយជំរុញវិស័យផលិតភាពយន្តជាជំនួសវិញ។

លោក ឱក ប៊ុនធៀន សាស្រ្តាចារ្យដែលជាអ្នកបណ្ដុះបណ្ដាលជំនាញនេះ បានអះអាងថា វគ្គដែលស៊ឹម សុរ៉ាមភូមិ ទទួលបានសញ្ញាប័ត្រផ្នែកភាពយន្តនេះ គឺជារដូវកាលទី២ហើយ ចាប់តាំងពីសាលាភូមិន្ទវិចិត្រសិល្ប: ដែលហៅកាត់ថាសាលារចនា បើកវគ្គផ្លូវការ។ លោកថាអ្នកចង់ក្លាយខ្លួនជាផលិតករឆ្នើម ហើយមានសមត្ថភាពច្បាស់លាស់ គួរតែឆ្លងកាត់ចំពោះវគ្គសិក្សានេះ ហើយបើមានឱកាសគួរបន្តទៅសិក្សានៅក្រៅប្រទេសបន្តទៀត ដើម្បីពង្រឹងសមត្ថភាពផ្នែកផលិតកុន៕

មតិយោបល់