ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ស្អាតមិនចាញ់ក្រមុំ ថ្ងៃខួប៤ឆ្នាំកូនប្រុស

កាលពីយប់ថ្ងៃទី២៤ កញ្ញា តារាសម្ដែងសាច់សខ្ចី អ្នកនាង លី ម៉ារីណា បានធ្វើពិធីខួបកំណើតកូនប្រុសយ៉ាងអធឹកអធម ដោយមានវត្តមានតារាកិត្តិយស ជាពិសេសគឺក្រុមផលិតករប្រមាណជា២០០នាក់ចូលរួម។ អ្វីដែលគេកត់សម្គាល់ គឺក្នុងពិធីនោះ គេឃើញអ្នកនាងតែងខ្លួនយ៉ាងស្រស់ផូរផង់មិនចាញ់ក្រមុំនោះឡើយ ដែលស្ទើរតែច្រទ្បំថាជាខួបរបស់អ្នកនាងផ្ទាល់។

អ្នកនាងលី ម៉ារីណា កាន់តែស្អាត និងលើកសម្រស់គួរឲ្យសរសើរ ក្នុងពេលដែលអ្នកនាងស្លៀកឈុតពណ៌ស ដែលលម្អដោយម៉ូដម៉ាយសមសួននឹងកេរ្តិ៍ឈ្មោះរះត្រដែតរបស់អ្នកនាងនៅក្នុងវិស័យសិល្ប:។ ក្នុងពិធីខួបគម្រប់អាយុ៤ឆ្នាំរបស់កូនប្រុសតែមួយនាយប់នេះ អ្នកនាងមិនត្រឹមតែស្អាតដាច់គេនៅក្នុងពិធីប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏សប្បាយរីករាយញញឹមបិទមាត់មិនជិតណាស់ដែរ ដោយសារតែពិធីទាំងមូលត្រូវរំខានដោយភ្លៀងជោគជាំ តែភ្ញៀវកិត្តិយសនៅតែមកចូលរួមកុះករ ដ្បិតថាបាត់តារាដែលបានអញ្ជើញមួយចំនួន។ អ្នកនាង លី ម៉ារីណា និយាយថាខួបគម្រប់៤ឆ្នាំកូនប្រុសឈ្មោះ សាត ថៃសាន នេះ អ្នកនាងមិនចង់រំខានតារាសិល្ប:ច្រើនទេ ទើបរៀបចំតែជាង១០តុ ហើយបើទោះជាស្វាមីរបស់អ្នកនាងមិនមានវត្តមានចូលរួមព្រោះត្រូវឡើងទៅអាមេរិក ក៏លោកបើកដៃឲ្យអ្នកនាងធ្វើពិធី ដើម្បីឲ្យអ្នកនាងបានជួបជុំមិត្តភ័ក្ត្រ និងបានសប្បាយចិត្តក្នុងថ្ងៃកំណើតកូន។ ពាក់ព័ន្ធនឹងរូបសម្រស់កាន់តែស្អាតមិនចាញ់ក្រមុំ អ្នកនាងនៅតែអះអាងថា មិនបានកែកុនរូបសម្រស់នោះទេ តែបណ្ដាលមកពីអ្នកនាងចេះរៀបចំខ្លួនឲ្យសមនឹងពិធី ហើយអ្នកនាងក៏មានពិធីថែរក្សាសម្រស់ឲ្យនៅក្មេងបានយូរ ទើបអ្នកនាងមើលទៅមិនចាស់ បើទោះជាអ្នកនាងនឿយហត់នឹងការងារច្រើន។

នៅក្នុងពិធីនោះ គឺឃើញវត្តមានតារាសិល្ប:ជាច្រើនចូលរូម ដូចជា កញ្ញា រំដួលលិចទឹក លោកឧកញ៉ាតូនី អ្នកនាង លី ចាន់សីហា លោករតន: វិសិដ្ឋ កញ្ញស្រីពៅមុខឈើ លោកសន សុវណ្ណារ៉ា លោកដួង តារាផាឌីន លោកពូឃ្លោក អ្នកនាងចន ច័ន្ទលក្ខិណា តារាចម្រៀងអ្នកនាងមាស លក្ខិណា លោកកុយ ស៊ីឌឿន អ្នកនាងឡាយ លក្ខិណា តារាភេទទី៣ កញ្ញាភី សម័យ តារាភេទទី៣ លោក គន់ រៀមរតន: អ្នកនាងសាត រស្មី និង កញ្ញាសូដា នីតា ជាដើម៕

មតិយោបល់