ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ីណូ បង្ហាញមុខគូស្នេហ៍ថ្ងៃខួបកំណើត

ក្នុងពិធីខួបកំណើតធំដុំលើកទី១របស់ខ្លួនកាលពីថ្ងៃទី២៥ កញ្ញា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានបង្ហាញមុខគូស្នេហ៍ យ៉ាងបើកចំហរ ដោយលោកប្រកាសថា នឹងមានគម្រោងស្ដីដណ្ដឹង និងរៀបការជាមួយនាងក្នុងពេលឆាប់ៗនោះផង។ លោកថាខ្លួនមិនខ្វល់ពីការប៉ះពាល់ការងារសិល្ប:នោះទេ តែអ្វីដែលលោកចង់បាន គឺចង់ឲ្យនារីដែលលោកស្រឡាញ់ ត្រូវបានគេស្គាល់ជាសាធារណ:។

លោក អ៊ីណូ និយាយថា តាំងពីចូលប្រឡូក នៅក្នុងការងារអាជីពចម្រៀង លោកទើបតែសម្រេចចិត្តធ្វើខួបកំណើតធំដុំជាលើកដំបូងប៉ុណ្ណោះ ទើបក្នុងពិធីនោះគេឃើញមានតារាល្បីៗ ចូលរួមភាគច្រើន បើទោះជាមានមួយចំនួនដែលលោកបានអញ្ជើញអវត្តមាន។ ក្នុងពិធីនោះ លោកក៏បានប្រកាសបង្ហាញឲ្យស្គាល់នារីដែលលោកបង្ហើបថា បានស្រឡាញ់ និងយល់ចិត្តគ្នា ប្រមាណជា៣ឆ្នាំកន្លងមកហើយនោះផង។ នារីដែលលោកប្រកាសឲ្យដឹងនោះ មានឈ្មោះថា បញ្ញាសុជាតា វ័យ២៥ឆ្នាំ ជាពេទ្យឆ្មបប្រចាំនៅពេទ្យបង្អែកខេត្តបាត់ដំបង ដោយការស្គាល់គ្នា គឺដោយសារតែលោកឧស្សាហ៍ឡើងទៅច្រៀងនៅខេត្តបាត់ដំបង។

មកទល់ពេលនេះ រវាងលោក និងនាង មិនទាន់មានចំណងប្រពៃណីដូចជាការភ្ជាប់ពាក្យ ឬការស្ដីដណ្ដឹងនៅឡើយទេ ប៉ុន្តែសម្រាប់ចាស់ទុំទាំងសងខាង គឺបានដឹងឮអស់ហើយ។ លោក អ៊ីណូ ប្រកាសថាខ្លួនមិនជឿរឿង ប្រកាសឲ្យគេដឹងពីគូស្នេហ៍ ហើយធ្វើឲ្យការងារសិល្ប:របស់លោកធ្លាក់ចុះនោះទេ ប៉ុន្តែហេតុផលដែលលោកស្រឡាញ់គ្នាដល់ទៅ៣ឆ្នាំ ទើបបង្ហាញពេលនេះ គឺដោយសារតែចង់ឲ្យប្រាកដប្រជាសិន។ លោកមានគម្រោងរៀបការជាមួយនាងឆាប់ៗ ហើយក៏មិនបោះបង់ ឬកាត់បន្ថយសិល្ប: ដោយនឹងវាយលុកវិស័យចម្រៀង ឲ្យខ្លាំងជាងមុននោះផង៕

មតិយោបល់