ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង កុយ ស៊ីឌឿន បង្ហាញជំហរលើការងារសិល្បៈ

បើទោះជាបានក្លាយជាអ្នកជំនួញ និងមានតំណែងជាទីប្រឹក្សាប្រចាំក្រសួងមួយ ប៉ុន្តែតារាចម្រៀងចាស់វស្សា ដែលត្រូវគេស្គាល់ថា ជាពិធីករវិទ្យុជាតិផង បានអះអាងថា លោកមិនបោះបង់ការងារសិល្ប:នោះទេ ដោយលោកទើបនឹងធ្វើអ្នកសិល្ប:ភាគច្រើន ចាប់អារម្មណ៍នឹងការផលិតកម្មវិធីកម្សាន្តបន្តផ្ទាល់មួយ ដែលជាកម្មវិធីទទួលបានការគាំទ្រខ្ពស់មួយ នៅលើបណ្ដាញហ្វេសប៊ុកនោះផង។

ក្រៅពីធ្វើឲ្យកម្មវិធីកម្សាន្តមួយនេះ លេចរូបរាងកាន់តែខ្លាំង លោកក៏បានប្រកាសថា នឹងបញ្ចេញស្នាដៃឲ្យសកម្ម ជួយជំរុញដល់វិស័យសិល្ប:ផងដែរ។ លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី និយាយថា ការផលិតកម្មវិធីកម្សាន្ត ដែលលោកបានផ្សាយបន្តផ្ទាល់ លើផេកក្លិបសិល្ប:ឌីភី ដែលមហាជនបានឃើញនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់នោះ មិនមែនជាការចំណាយតិចតួចនោះទេ ដោយសារតែលោកបានរៀបចំទម្រង់កម្មវិធីទាំងមូល ឲ្យមានលក្ខណ:មិនខុសពីកម្មវិធីរបស់ទូរទស្សន៍មួយ ក្នុងបំណងឲ្យតារាសិល្ប:ចាស់ក្មេងប៉ះគ្នា។

លោកថាកម្មវិធីកម្សាន្តមួយនេះ លោកតែងអញ្ជើញតារាសិល្ប:ល្បីៗទាំងផ្នែកយុវវ័យ និងតារាជើងចាស់មួយរូប ឲ្យផ្ដល់កិច្ចសម្ភាសន៍ជុំគ្នា ដោយមិនប្រកាន់ថាជាតារាសម្ដែង តារាចម្រៀង ឬតារាកំប្លែង នោះឡើយ ដោយក្រៅពីបង្ហាញសមត្ថភាពសិល្ប: ក៏ផ្ដល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ បំណងទាំងមូលរបស់កម្មវិធី លោកថាចង់គាស់កកាយតារាមួយចំនួន ដែលមហាជនចង់ភ្លេចមុខឲ្យមានឱកាសបង្ហាញស្នាដៃជាថ្មី ជាពិសេសគឺបានបញ្ចេញសំទ្បេង និងរូបពិតឲ្យមហាជនបានឃើញ។ ក្នុងនោះលោកថាកម្មវិធី មិនផ្ដោតតែលើការច្រៀងរាំ និងការបង្ហាញសមត្ថភាពរបស់សិល្បករនោះទេ ប៉ុន្តែក៏ផ្ដោតជាសំខាន់លើសំណួរឈ្នះរង្វាន់ ដែលសំណួរទាំងនោះ សុទ្ធតែពាក់ព័ន្ធពីវប្បធម៌ និងច្បាប់ចរាចរណ៍ និងពីចំណេះដឹងប្រចាំថ្ងៃ ដែលមនុស្សមើលរំលង។

លោក កុយ ស៊ីឌឿន បញ្ជាក់ថាអ្វីដែលលោកបានធ្វើ គឺដោយសារតែចង់រួមចំណែកជួយឲ្យសកម្មភាពសិល្បករមានការផុសផុស ជាពិសេសគឺបានរួមចំណែកជួយឲ្យកេរ្តិ៍ឈ្មោះ របស់តារាសិល្ប:មួយចំនួនអណ្ដែតឡើងឲ្យកាន់តែប្រសើរ អ៊ីចឹងហើយទើបលោកប្រកាស ចំណាយផលិតកម្មវិធីទាំងមូល ដោយមិនខ្វល់ពីការខាតបង់។ លោកគម្រោងនឹងធ្វើកម្មវិធីមួយចំនួនផ្សេងទៀត ដែលអាចជំរុញឲ្យមានការឈានឡើង ក្នុងនាមជាអ្នកសិល្ប:មួយរូប ដើម្បីបង្ហាញថាបើទោះជាលោកបានក្លាយជាអ្វី ក៏លោកនៅតែជាអ្នកសិល្ប:។

យ៉ាងណាមិញ លោកថាកម្មវិធីបន្តផ្ទាល់ដែលលោកបានផលិតរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍នោះ នឹងកាត់នៅថ្ងៃអង្គារចោល ចាប់ពីរដូវប្រាំងតទៅ ដោយសារតែក្នុងពេលនោះ លោកក៏រវល់ ហើយតារាសិល្ប:ល្បីៗភាគច្រើន ក៏មិនងាយអញ្ជើញ៕

មតិយោបល់