ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនពីរោះ មិនប្លែកត្រចៀក ទើបចម្លែក! មួយបទ វង្ស ថាណាន់

ពិតជាប្លែកត្រចៀកមិនធម្មតា មួយបទ តារាចម្រៀងលោក វង្ស ថាណាន់ ជាមួយនឹងបទដែលមានចំណងជើងថា «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ដែលលោកទើបតែបង្ហោះឡើង នៅលើយូធូប។ នេះជាបទចម្រៀងទី២ ដែលលោកបានកែប៉ារ៉ូលឆ្លងឆ្លើយជាមួយម្ចាស់ដើម ប៉ុន្តែត្រូវបានគេកត់សម្គាល់ថា មានស្ទីលច្រៀងប្លែក ហើយពីរោះមួយបែបគួរឲ្យសរសើរ។

ធៀបនឹងបទចម្រៀងមុនៗ លោក វង្ស ថាណាន់ កាន់តែវិវត្តន៍ខ្លួនមិនធម្មតា ដែលអាចបត់បែនសំឡេងហើយច្រៀងជារបៀបរ៉ក់ បានតុងខ្ពង់ ហើយពីរោះ ដែលធ្វើឲ្យអ្នកបានស្ដាប់បទចម្រៀងរបស់លោកមួយបទនេះ សុទ្ធតែលាន់មាត់សរសើរ។ លោកថា ដោយសារតែចង់សាកច្រៀង បទប្រភេទរ៉ក់ ហើយចង់រំឭកបទដើមក្រោមចំណងជើងថា «សុំបេះដូងមួយចំណែក» របស់តារាចម្រៀង អ្នកស្រី សុង សេងហ៊ន ឲ្យមានការចាប់អារម្មណ៍ជាថ្មី ទើបលោកសម្រេចចិត្តឲ្យក្រុមការងារនិពន្ធបទនេះ ជាប៉ារ៉ូលឆ្លើយឆ្លង ហើយកាច់ស្ទីលជាទម្រង់រ៉ក់តែម្ដង ដើម្បីបំពេញបំណងអ្នកគាំទ្រ ដែលចង់ស្ដាប់បទប្លែកៗ ក្រោយពេលលោកមានឈ្មោះបោះសំឡេង ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែលខ្លួនធ្លាប់បានបង្ហាញខ្លួន។

លោកសម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបទចម្រៀង «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ត្រូវបានអ្នកស្ដាប់សរសើរភាគច្រើន ដោយលោកប្រកាសថា នឹងបន្តចេញបទចម្រៀងបែបរ៉ក់បែបនេះបន្តទៀត ស្របពេលដែលទីផ្សារចម្រៀងរបស់លោក ក៏ត្រូវការបទថ្មីៗ និងជាបទផ្ទាល់ខ្លួនច្រើនឡើងដើម្បីឡើងឆាក។ ចង់ដឹងថាមួយបទ «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» របស់វង្ស ថាណាន់ ពីរោះ និងប្លែកត្រចៀកកម្រិតណា តោះស្ដាប់កម្សាន៖

https://youtu.be/ujsOAoP6dbw

មតិយោបល់