ព័ត៌មានសិល្បៈ និងកម្សាន្ត

​​ព្រឹត្តិការណ៍តែងប្រែតពីតារាសិល្បៈ ប្រកាសធ្វើឡើងជាថ្មី

កាលពីឆ្នាំកន្លងទៅ ព្រឹត្តិការណ៍ដែលតម្រូវឲ្យតារាសិល្ប:តែងតួជាប្រែត ក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្ប:ខ្មែរ»ធ្លាប់បានធ្វើឡើងម្ដងហើយ នៅផ្សារជេតកុងតឺណឺកោះពេជ្រ ដើម្បីរំលេចពពួកប្រែតក្នុងជំនឿខ្មែរឲ្យមានការចាប់អារម្មណ៍។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសធ្វើឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី៣ ខែតុលានេះ ដោយគម្រោងធ្វើឡើងលើកនេះ ក្រៅពីធំដុំជាងមុន ក៏មានការដាក់បញ្ចូលនូវការផ្សព្វផ្សាយពីជំនឿ និងទំនៀមទម្លាប់របស់ខ្មែរច្រើនទម្រង់ ទៅកាន់ស្រទាប់មហាជនផងដែរ។

តំណាងអ្នករៀបចំកម្មវិធីបានអះអាងថា ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំ និងដើម្បីបង្ហាញឲ្យសាធារណ:ជនយល់ដឹងកាន់តែច្បាស់ពីជំនឿសាសនាក្នុងរដូវកាលភ្ជុំ នៅថ្ងៃទី៣ ខែតុលានេះ ក្រុមជំនាញខាងផលិតកម្មវិធីកម្សាន្តរបស់ក្រុមហ៊ុន ស៊ីអិលអាយភីអេស មេឌា និងក្រុមហ៊ុនស្ម័គ្រចិត្តជាដៃគូជាច្រើន បានឯកភាពគ្នាបង្កើតព្រឹត្តិការណ៍មួយនេះ ដោយផ្ដោតជាសំខាន់លើការផ្សាយផ្ទាល់លើផេកជាច្រើនព្រមគ្នា។ កម្មវិធីនេះនឹងតម្រូវឲ្យតារាសិល្ប:ដែលចូលរួម ស្លៀកពាក់បែបប្រពៃណី ដូចគ្នាជាឈុតសម្រាប់ប្រើក្នុងរដូវបុណ្យភ្ជុំ រួមមានខោអាចារ្យ ក្រមា និងឈុតហូលផាមូងបែបខ្មែរជាដើម។ តារាសិល្ប:ក្រៅពីលើកមុខមាត់របស់ខ្លួន ក៏មានន័យថាបានចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ផងដែរ ក្នុងពេលដែលកម្មវិធីនេះ ត្រូវបានប្រកាសថានឹងប្រើប្រព័ន្ធផ្សាយផ្ទាល់លើផេក ដូចគ្នានឹងកម្មវិធីរបស់ទូរទស្សន៍ដែរ ហើយមានការផ្សាយព្រមគ្នាលើផេកជាច្រើន ព្រោះតែបានសហការជាមួយក្រុមហ៊ុនឯកទេសខាងផ្នែកផ្សាយបន្តផ្ទាល់។ ទម្រង់លេងរបស់កម្មវិធីនេះខុសប្លែកជាងមុន ដោយរួមមានការសម្ភាសន៍ពីវត្តមានចូលរួមរបស់តារាសិល្ប:គ្រប់រូប និងភ្ញៀវកិត្តិយសគ្រប់រូបដែលបានស្លៀកពាក់បែបខ្មែរចូលទៅកាន់កម្មវិធី និងមានការសម្ដែងលើឆាកជាច្រើនដូចជា ការសម្ដែងល្ខោនខោល ការបកស្រាយបទចម្រៀងទាក់ទងនឹងបុណ្យភ្ជុំពីសំណាក់តារាៗអមដោយការសម្ដែង ការដើរម៉ូដឈុតទៅវត្តបង្ហាញពីគ្រប់សម័យកាល និងការតែងតួជាប្រែត ជាខ្មោចប្លែកៗស្របតាមរឿងនិទានខ្មែរជាដើម។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាការរៀបចំព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បករខ្មែរ»ឆ្នាំនេះ គ្រួសារតារាកម្ពុជាបានសហការរៀបចំយ៉ាងពេញទំហឹង ដោយសារតែមើលឃើញថាទម្រង់កម្មវិធីទាំងមូល មានការលើកកម្ពស់ទាំងស្រុងលើពិធីបុណ្យភ្ជុំ។ លោកថាតារាសិល្ប:របស់គ្រួសារតារាកម្ពុជា ក្រៅពីចូលរូមលើកកម្ពស់សំលៀកបំពាក់ខែភ្ជុំក្នុងនាមជា្ភ្ញៀវកិត្តិយស ដើម្បីឲ្យមហាជនបានឃើញតាមការផ្សាយផ្ទាល់ ក៏បានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការសម្ដែងវីដេអូឃ្លីបដែលឆ្លុះបញ្ចាំងពីជំនឿរបស់ខ្មែរសម្រាប់ចាក់ផ្សាយក្នុងពេលបន្តផ្ទាល់ ត្រៀមខ្លួនច្រៀង បង្ហាញម៉ូដ ឲ្យត្រូវនឹងឱកាសភ្ជុំផងដែរ។ លោកថាព្រឹត្តិការណ៍នេះ នឹងផ្ដោតជាសំខាន់លើផ្សាយផ្ទាល់លើផេកធំៗរបស់ដៃគូសហការ ខណ:ដែលក្រុមហ៊ុនប៊េសសាលូសិន ដែលជាអ្នកជំនាញខាងផ្សាយផ្ទាល់ ក៏បានត្រៀមខ្លួនគ្រប់គ្រាន់៕

មតិយោបល់