ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីម ហ្សានីត អាចក្លាយជាតារាទី១ ដែលមានកុងត្រា

យោងតាមប្រភពពីសម្អាងការ ហ្សាណា បានអះអាងថា លោក ឃីម ហ្សានីត ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាព Mr. United Cambodia ហើយទើបត្រូវបានសម្អាងការមួយនេះ ទាក់ទងឲ្យថតម៉ូដ ទំនងនឹងក្លាយជាតារាទី១ ដែលមានកុងត្រាផ្ដាច់មុខ ដើម្បីបង្ខាំងឲ្យលោកថតប្រចាំតែសម្អាងការមួយ ហើយមិនអាចទទួលថតសម្អាងការណាផ្សេងបានទាំងអស់។

នេះជាលក្ខណ្ឌដែលគេមិនធ្លាប់ឃើញសម្រាប់តារាខ្មែរ ខណ:ដែលភាគីម្ចាស់ហាង និងសមីខ្លួន បានទទួលស្គាល់។

កញ្ញា ថៃ ហ្សាណា ម្ចាស់សម្អាងការហ្សាណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យភីផ្នែកផាត់មុខក្នុងកម្មវិធី Revelon ប្រចាំខែ១១ កាលពីឆ្នាំ២០១៧ បានថ្លែងប្រាប់ថា សម្អាងការរបស់កញ្ញា កំពុងសិក្សាពីតម្លៃផ្ដាច់មុខ ដើម្បីឲ្យតារាសម្ដែង លោក ឃីម ហ្សានីត អាចថតតែឲ្យសម្អាងការរបស់ខ្លួន ហើយមិនលូកលាន់នឹងការថតម៉ូដឲ្យសម្អាងការផ្សេង។ ហេតុផលដែលនាំឲ្យឈានដល់គម្រោងចុះកុងត្រាយកលោកថតផ្ដាច់មុខនេះ ដោយសារតែលោកតាំងតែពីបានឡើងកូដ មិនទាន់ថតផ្សាយឲ្យសម្អាងការណាមួយ ហើយក្រោយពេលជ្រើសឲ្យលោកមកថតផ្សាយឲ្យសម្អាងខ្លួន ក៏ឃើញពីភាពទាក់ទាញ។ កញ្ញាថា លោកជាតារាខ្មែរដែលមានមាឌធំ មុខមាត់កូនកាត់ ហើយអាចនិយាយបានថាស័ក្ដសមក្នុងការគ្រងឈុតកូនកំលោះ ទើបកញ្ញាចង់ឲ្យលោកថតតែសម្អាងការខ្លួនមួយសម្រាប់ឆ្នាំដំបូង ដោយគ្រោងនឹងចរចារផ្ដល់តម្លៃកុងត្រា និងឲ្យតម្លៃចេញថតម្ដងៗថែមទៀត ឲ្យត្រូវនឹងច្បាប់កុងត្រា។ នេះជាការបញ្ជាក់របស់កញ្ញា ក្នុងពិធីសម្ពោធសម្អាងការហ្សាណា ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ តុលា នៅ៣១០ កែងផ្លូវ៦៣ ជាប់មន្ទីរពេទ្យមេគង្គ នៅម្ដុំបឹងកេងកង។

លោក ឃីម ហ្សានីត បានថ្លែងប្រាប់ថា មកទល់ពេលនេះ លោកមានសម្អាងការច្រើនគួរសម ទាក់ទងឲ្យថតម៉ូដសម្អាងការដូចគ្នានឹងការថតម៉ូដឲ្យសម្អាងការហ្សាណា ដែរ ប៉ុន្តែដោយសារតែលោកស្ថិតក្នុងការរង់ចាំពីការចចាររបស់ កញ្ញា ថៃ ហ្សាណា ទើបលោកដំអក់មិនទទួល ម្យ៉ាងចង់បានកុងត្រាលើការងារសម្អាងការ ឲ្យប្លែកពីតារាដទៃផង។ លោកថាតម្លៃក្នុងការផ្ដាច់មុខ ខ្លួនមិនកាត់ខ្ពស់ពេកទេ ពោលគឺឲ្យតែបានរង្វង់ពាន់ដុល្លារ គឺលោកនឹងអាចទទួលហើយ៕

មតិយោបល់