ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគ្រូ គង់ ណារី ស្ថិតក្នុងការសង្គ្រោះបន្ទាន់ ទាំងគ្មានកូនចៅ និង កង្វះការចំណាយ

យោងតាមការបញ្ជាក់ពីអ្នកជំនិតសាស្រ្តាចារ្យសិល្ប:ល្បីឈ្មោះ គឺ អ្នកគ្រូ គង់ ណារី បានចូលសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យលោកសង្ឃ តាំងពីដើមសប្ដាហ៍មកម្ល៉េះ បន្ទាប់ពីជំងឺក្រិនថ្លើម និងទឹកក្នុងសួតរបស់អ្នកគ្រូ ធ្លាក់ដល់ដំណាក់កាលធ្ងន់ធរ។ អ្វីដែលជាការបារម្ភ គឺអ្នកគ្រូ មិនមានកូនចៅមើលខុសត្រូវ ក្នុងការផ្គត់ផ្គង់ការព្យាបាល ខណ:ដែលអ្នកគ្រូ ក៏មិនទាន់ទទួលបានសិទ្ធិព្យាបាលដោយមិនគិតថ្លៃ នៅក្នុងមន្ទីរពេទ្យ ដែលជាបន្ទុករបស់អ្នកគ្រូ នៅក្នុងពេលនេះ។

លោក សន សុវណ្ណារ៉ា សមាជិកគ្រួសារតារាកម្ពុជា ដែលត្រូវគេស្គាល់ថា ជាសិស្សជំនិតរបស់អ្នកគ្រូគង់ ណារី បានថ្លែងបញ្ជាក់ថា អ្នកគ្រូស្ថិតនៅក្នុងការសង្គ្រោះដោយមន្ទីរពេទ្យលោកសង្ឃ តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍មកម្លេះ ដោយក្នុងពេលនេះអ្នកគ្រូ មានសភាពធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីជំងឺក្រិនថ្លើម និងទឹកចូលសួតរបស់អ្នកគ្រូ កាន់តែមានសភាពធ្ងន់។ លោកថា អ្នកគ្រូស្ថិតនៅក្នុងបន្ទប់ G1 G2 ក្នុងអាគារជំងឺទូទៅ ខាងផ្នែកពោះវៀនក្រពះ ដោយប៉ុន្មានថ្ងៃមកនេះ អ្នកគ្រូត្រូវពេទ្យបូបទឹកចេញពីសួតរាល់ថ្ងៃ ដើម្បីការពារកុំឲ្យជំងឺអ្នកគ្រូកាន់តែធ្ងន់។

យ៉ាងណាក៏ដោយលោក បានសម្ដែងក្ដីបារម្ភពីសភាពជំងឺរបស់អ្នកគ្រូ ដោយលោកប្រកាសថា តម្រូវការក្នុងព្យាបាលជំងឺ ដែលបានកើតឡើងនេះ ក៏ធ្វើឲ្យអ្នកគ្រូមិនមានលទ្ធភាពផងដែរ។ លោក សន សុវណ្ណារ៉ា ទទូចឲ្យមានការបរិច្ចាគ ជួយដល់អ្នកគ្រូ ដើម្បីឲ្យអ្នកគ្រូអាចបន្តលទ្ធភាព ក្នុងពេលដែលជំងឺរបស់អ្នកគ្រូ លោកថាមានតែការទៅមុខ នឹងត្រូវការការសង្គ្រោះឲ្យបានរួសរាន់ ដើម្បីបញ្ចៀសជំងឺធ្ងន់ធ្ងរ។

ជាមួយនឹងការអំពាវនាវឲ្យមានការចុះសួរសុខទុក្ខ ដល់អ្នកគ្រូដើម្បីផ្ដល់ជាកម្លាំងចិត្ត លោកក៏ទទូចឲ្យមានការអន្តរាគមន៍ ជួយឲ្យអ្នកគ្រូបានទទួលការព្យាបាល ដោយមិនគិតថ្លៃជាមុន និងស្នើឲ្យមានការផ្ដល់ជំនួយ ជួយសង្គ្រោះដល់អ្នកគ្រូ នៅក្នុងពេលនេះ។ សូមទំនាក់ផ្ដល់ជំនួយដោយផ្ទាល់ តាមរយ:លេខ ០១៦៨៣៧៧៩៩

មតិយោបល់