ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែងជើងចាស់ ម៉ៅ សុចាន់ធី បង្ហាញខ្លួននៅកម្ពុជាថ្មី

កាលពីរសៀលថ្ងៃទី៥ តុលា មុននេះ អ្នកនាងម៉ៅ សុចាន់ធី ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងជើងចាស់ ដែលបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកនោះ បានត្រលប់មកស្រុកកំណើតវិញហើយ ដោយអ្នកស្រីបញ្ជាក់ថាគម្រោងមកមួយខែលើកនេះ គឺដើម្បីធ្វើបុណ្យក្នុងពេលភ្ជុំបិណ្ឌជួបជុំគ្រួសារ ដើម្បីទទួលសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយចំនួន និងដើម្បីមកសិក្សាពីបុរសម្នាក់ដែលអ្នកនាងបញ្ជាក់ថាអាចជាគូស្នេហ៍ចុងក្រោយ ដែលអ្នកនាងនឹងប្រថុយនោះផង។

អ្នកនាង ម៉ៅ សុចាន់ធី និយាយថា គោលបំណងដែលអ្នកនាងចុះមកលេងកម្ពុជាលើកនេះ គឺដោយសារតែអ្នកនាងមកចង់ធ្វើបុណ្យនៅវត្តឧទ្ទិសកុសលឲ្យបងប្អូន និងឪពុកម្ដាយរបស់អ្នកនាងដែលបានទទួលមរណភាពទាំងអស់ ស្របគ្នាដែលអ្នកនាងក៏មានប្អូនប្រុសតែម្នាក់រស់នៅស្រុកខ្មែរ ហើយអ្នកនាងចង់ធ្វើបុណ្យជួបជុំជាមួយប្អូនប្រុសជូនដល់សាច់ញាតិ។

អ្នកនាងក៏មានគម្រោងទៅកម្សាន្តតាមខេត្តពីសេសគឺខេត្តបាត់ដំបង ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដោយអ្នកនាងក៏នឹងមានពិធីមង្គលមួយគឺភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលអ្នកនាងបានដាច់ចិត្តថានឹងបង្កើតស្នេហាជាមួយជាថ្មី ដោយអ្នកនាងប្រកាសថាបុរសដែលអ្នកនាងនឹងភ្ជាប់ពាក្យជាមួយក្នុងដំណើរមកកម្ពុជាលើកនេះ នឹងអាចជាស្នេហាចុងក្រោយ។

អ្នកនាងថាបុរសដែលអ្នកនាងដាក់ចិត្តស្រឡាញ់ចុងក្រោយនេះ មានឈ្មោះថា លោក រ៉ាម៉ូ គឺជាអ្នកចម្ការនៅខេត្តបបាត់ដំបង តែរវាងអ្នកនាង និងគ្រួសារបុរសនោះ គឺសុទ្ធតែបានស្គាល់គ្នា និងឯកភាពគ្នាទាំងស្រុង។ អ៊ីចឹងហើយទើបក្នុងពេលដែលអ្នកនាងចុះពីយន្ត គេឃើញទាំងបុរសដែលអ្នកនាងស្រឡាញ់ និងឪពុកម្ដាយខាងប្រុស មកទទួលព្រមគ្នា ដែលបង្ហាញយ៉ាងច្បាស់ថាស្នេហាចុងក្រោយ របស់អ្នកនាង មានចំណុចរឹងមាំជាងមុន។

អ្នកនាង ម៉ៅ សុចាន់ធី បញ្ជាក់ថា អ្នកនាងនៅតែជាអ្នកសិល្ប: បើទោះជាអ្នកនាងរស់នៅលើទឹកដីអាមេរិកដែលមានឱកាសត្រឹមតែច្រៀងម្ដងម្កាលក្នុងពេលមានការរៀបចំប្រគំតន្ត្រីម្ដងៗ។

ដោយឡែកសម្រាប់ដំណើរចុះមកមួយខែនេះ អ្នកនាងក៏នឹងបង្ហាញខ្លួនឡើងឆាក ក្នុងកិច្ចសម្ភាសន៍ និងការឡើងច្រៀង តបតាមការអញ្ជើញផងដែរ ប្រសិនបើមានការអញ្ជើញណាមួយ ឲ្យអ្នកនាងបង្ហាញខ្លួន៕

មតិយោបល់