Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ​Rith Omega ទ...

​Rith Omega ទទូចកុំឲ្យមានការយល់ច្រលំ

មកទល់ពេលនេះ គេកត់សម្គាល់ថា ផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) ទទួលបានជោគជ័យយ៉ាងខ្លាំងលើអាជីវកម្មបើកហាងឆប់ឆាហ៍ និងបើកអាហារដ្ឋាននៅកោះពេជ្រ ដោយហាងរបស់លោកក៏ល្បីនឹងមុខស៊ុបខ្យង និងស៊ុបខ្យងតុងយ៉ាំផងដែរ។ យ៉ាងណាមិញ លោកបានទទូចកុំឲ្យមានការយល់ច្រលំ បន្ទាប់ពីមុខម្ហូបល្បីល្បាញរបស់លោកត្រូវបានហាងជិតខាងចម្លងតាម ហើយមានអ្នកខ្លះហូបស៊ុបខ្យងនៅហាងផ្សេងរាគរូស តែច្រលំថាជាហាងលោក។

លោកលើកឡើងបែបនេះ មិនចង់សំដៅលើហាងណាមួយនោះទេ ប៉ុន្តែអ្វីដែលលោកចង់បញ្ជាក់ គឺអ្នកទទួលទានស៊ុបខ្យង ដែលមិនមែនជារបស់ហាងលោក ហើយមានបញ្ហា គួរបញ្ចប់ការយល់ច្រលំ។ លោក រិទ្ធ អូមេហ្គា និយាយថា ទីតាំងហាងអូមេហ្គានៅកោះពេជ្ររបស់លោក នៅត្រង់ផ្នែកមួយ គឺលោកគ្រប់គ្រងបានតែផ្នែកខាងមុខប៉ុណ្ណោះ ចំណែកនៅផ្នែកខាងក្រោយគឺជារបស់ហាងផ្សេងទេ ប៉ុន្តែមកពីអ្នកចូលអង្គុយទទួលទានស្មានថាជាបរិវេណហាងលោក។ លោកនិយាយថា«ហាងខ្ញុំនៅកោះពេជ្រ លុះត្រាបុគ្គលិកមានអាវផ្លាកហាង បើអត់មានទេ មិនមែនម្ហូបហាងខ្ញុំទេ ព្រោះនៅកោះពេជ្រ បរិវេណលក់ដូរយើងច្របូកច្របល់គ្នា ចឹងបើហូបកន្លែងដែលបុគ្គលិកខ្ញុំ អត់បានទទួល នោះគឺហាងផ្សេងទេ កុំគិតថារាគ ឬ ហូបមិនឆ្ងាញ់ដូចមុន ថាហាងខ្ញុំធ្លាក់ដៃ»។ លោកថាជំនួញដូចគ្នា ហើយបើទោះជាបានចម្លងមុខម្ហូបពីហាងរបស់លោក ក៏មិនចង់មានការវាយប្រហារនោះដែរ ដោយគ្រាន់តែបញ្ជាក់ឲ្យភ្ញៀវខ្លះបានដឹងថានោះផ្នែកហាងផ្សេងប៉ុណ្ណោះ។

លោកថាស៊ុបខ្យង និងស៊ុបខ្យងតុងយ៉ាំ ដែលបានចរាចរណ៍ហើយមានការគាំទ្រប្រចាំហាងលោក គឺមុខម្ហូបបង្កើតថ្មី ទើបលោកសម្រេចចិត្តសុំសិទ្ធិដើម្បីចុះបញ្ជីធ្វើជាមុខម្ហូបផ្ដាច់មុខ។ លោកថាម្ហូបប្រចាំហាងលោក មិនមានសារធាតុធ្វើឲ្យរាគ ឬប៉ះពាល់សុខភាពនោះទេ ដោយសារតែលោកប្រើតែសាច់ខ្យងខ្មែរ ហើយយកតែសាច់ដែលមានគុណភាព មិនប្រើសាច់ខ្យងទាំងមូល ហើយសម្រាប់គ្រឿងផ្សំ ក៏បានគិតគូរពីសុខភាព ដោយមិនមែនអាងថាជាស៊ុតម្លៃធូរថ្លៃ ហើយចេះតែឆិនឆៃ៕

Loading...