Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ស្ងាត់ពីការសម...

ស្ងាត់ពីការសម្ដែង សឿន វីតា ទៅកាន់តំណែងស៊ីប្រាក់ខែ ដល់ពាន់ដុល្លារ យ៉ាងឡូយ

មួយរយ:ចុងក្រោយ គេឃើញតារាសិល្ប:ច្រើនឡើង បានងាកទៅចាប់អាជីពជាភ្នាក់ងារទីផ្សាររបស់ក្រុមហ៊ុនធានារ៉ាប់រងលំដាប់ពិភពលោក ដោយសូម្បីតែអ្នកនាង ខាត់ សុឃីម ក៏សកម្មក្នុងកិច្ចការនេះដែរ។ យ៉ាងណាមិញ ក្នុងចំណោមតារាសិល្ប:ទាំងអស់ដែលបានប្រឡូកក្នុងកិច្ចការនេះ តារាសម្ដែងលោក សឿន វីតា ត្រូវគេអះអាងថាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានការទម្លាយថាលោកប្រើពេលមិនដល់៣ខែលើកិច្ចការនេះទេ ប៉ុន្តែបានឡើងតំណែងជាប្រធានក្រុមទីប្រឹក្សាប្រចាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលលោកបម្រើការ ហើយប្រាក់ខែទទួលបានគឺរហូតដល់ជាង២ពាន់ដុល្លារ ដែលជាប្រាក់ចំណូលមួយខ្ពស់នៅកម្ពុជា។

ជួបជាមួយនឹងការសាកសួរតាមឆាត លោក សឿន វីតា បានអះអាងថា លោកពិតជាទើបឡើងតំណែងដូចការលើកឡើងមែន បន្ទាប់ពីលោកបានចុះឈ្មោះហាត់រៀន និងធ្វើជាទីផ្សារទាក់ទាញអតិថិជនឲ្យយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃការមិនបម្រុងទុកសម្រាប់អាយុជីវិត ហើយមានអ្នកដែលលោកចំណាយពេលពន្យល់ច្រើននាក់ ស្ម័គ្រចិត្តទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិត ដែលធ្វើឲ្យលោកត្រូវបានក្រុមហ៊ុនចាត់ទុកថាជាភ្នាក់ងារខ្លាំងម្នាក់។ លោកត្រូវបានក្រុមហ៊ុនដំឡើងតំណែងឲ្យក្លាយជា Unit Manager ឬប្រធានក្រុមទីប្រឹក្សា ដែលមាននាទីជួយកូនក្រុមក្នុងការផ្ដល់ប្រឹក្សាជូនដល់អតិថិជន។ លោកថាក្នុងមួយខែលោកពិតជាទទួលចំណូលយ៉ាងតិច២ពាន់ដុល្លារអ៊ីចឹងមែន ទើបលោករយាលថតកុនតែមិនបានបោះបង់នោះទេ គឺនៅតែទទួលថតជាធម្មតា ដោយគ្រាន់តែមិនបានទទួលថតមមាញឹកដូចមុន។

លោកនិយាយថា«រាល់ថ្ងៃខ្ញុំទទួលថតឲ្យតែLD និងផលិតកម្មដែលអាចឆ្លៀតបានមួយរឿងពីររឿងទេ ដោយសារតែរវល់នឹងការងារនៅក្រុមហ៊ុនធានារ៉ាប់រងហ្នឹង ព្រោះវាបានចំណូលច្រើនជាងកាលខ្ញុំថតកុនតែមួយមុខច្រើន»។ យ៉ាងណាមិញ លោកថាមិនបោះបង់សិល្ប:នោះទេ ដោយលោកនៅតែឆ្លៀតបន្តថតតាមតែអាចធ្វើទៅបាន ដោយលោកថាក្នុងពេលដ៏ខ្លីភាពយន្តដែលលោកសម្ងំសម្ដែងមុនប្រឡូកការងារក្រុមហ៊ុនធានារ៉ាប់រង នឹងបញ្ចេញបណ្ដាក់គ្នា ដែលនឹងកែទស្សន:អ្នកគាំទ្រថា លោកបាត់មុខឡើងវិញ។ លោកថាខ្លួនមិនមែនជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនដែលខ្លួនបម្រើការទេ តែជាភ្នាក់ងារផ្សព្វផ្សាយ និងប្រឹក្សាយោបល់ ដោយឆ្លងកាត់ពីការងារជាកូនក្រុមគេ បានក្លាយជាប្រធានក្រុមទីប្រឹក្សា ដែលអាចឲ្យលោកទទួលប្រាក់កម្រៃបានច្រើនជាងមុន៕

Loading...