ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿថា តួឯកស្រី រឿង«កូនអើយម្ដាយខ្មោច»សំណាងជាន់សំណាង

យោងតាមការសារភាព កញ្ញា គង់ ស្រីពៅ ហៅរូហ្សា ដែលត្រូវកេស្គាល់ថាជាពិធីការិនីប្រចាំកម្មវិធី«កុនខ្មុំ»របស់ទូរទស្សន៍ជាតិ មិនធ្លាប់សម្ដែងភាពយន្តនោះទេ បើទោះជានាងធ្លាប់បានគ្រងតំណែងជាម្ចាស់ពានក្នុងកម្មវិធី Khmer Super Model។ ប៉ុន្តែចាត់ទុកថាជារឿងសំណាង ដែលនាងត្រូវបានម្ចាស់ផលិតកម្មឯកភ្នំ ជ្រើសឲ្យសម្ដែងក្នុងរឿង«កូនអើយម្ដាយខ្មោច»ដែលជាស្នាដៃថ្មីស្រឡាង របស់ផលិតកររឿង«ផ្ទះខ្មោចទិញ» និងរឿង«ខ្មោចដើមចេកជ្វា»កាលពីមុន។

អ្វីដែលគេចាត់ទុកថានាងសំណាងជាន់សំណាងទៀតនោះ គឺស្នាដៃដំបូងរបស់នាង គឺជាភាពយន្តដែលទទួលបានការគាំំទ្រខ្លាំងក្លានៅក្នុងពេលនេះ ដែលធ្វើឲ្យនាងបានល្បីតែម្ដង ដោយមិនចាំបាច់សម្ដែងច្រើនរឿងដូចតារាខ្លះ។

មានការកោតរសរសើរមិនតិចនោះទេ នៅពេលដែលស្នាដៃរបស់លោក ហេង តុលា ម្ចាស់ភាពយន្តរឿង«ផ្ទះខ្មោចទិញ» និងរឿង«ខ្មោចដើមចេកជ្វា»ដ៏ល្បីល្បាញកាលពីអតីតកាល បានត្រលប់មកអង្រួនវិស័យភាពយន្តជាថ្មី ដោយបានចំណាយផលិតរឿង«កូនអើយម្ដាយខ្មោចដែលភាពយន្តនេះ ត្រូវបានអ្នកទស្សនាលាន់មាត់ថាល្អទាំងគុណភាពសាច់រឿង ពន្លឺ ពណ៌ និងសំលេង ដែលអាចនិយាយបានថាតារាដែលបាសម្ដែងក្នុងរឿងនេះ កំពុងក្ដោបក្ដាប់តំណែងខ្លាំងក្នុងក្រសែភ្នែកមហាជន។ កញ្ញា គង់ ស្រីពៅ ហៅ រ៉ូហ្សា ត្រូវបានផលិតករផ្សេងទៀត និងអ្នកសិល្ប: សរសើរហើយសរសើរទៀត ដែលនាងមានសំណាងបានសម្ដែងជាតួឯកក្នុងភាពយន្តនេះ ខណ:ដែលតារាភាគច្រើន ទម្រាំតែមានឱកាសបានសម្ដែងក្នុងភាពដែលមានកម្រិតផ្ទុះៗក្នុងស្រទាប់មហាជនបែបនេះ ត្រូវសម្ដែងជាតួរាយរង និងជាតួឯកក្នុងភាពយន្តមិនសូវមានចាប់អារម្មណ៍រាប់មិនអស់។ អ្វីដែលនាងត្រូវគេកត់សម្គាល់ថាសំណាងជាន់សំណាងទៅទៀត គឺនាងបានជួបជាមួយផលិតរឿង«ផ្ទះខ្មោចទិញ» ដែលអ្នកណាក៏ចង់សម្ដែងជាមួយ និងជឿទុកចិត្តស្នាដៃ។

អ៊ីចឹងហើយទើបការបញ្ចាំងភាពយន្តរឿង«កូនអើយម្ដាយខ្មោច»ក្នុងរោងប៉ុន្មានថ្ងៃនេះ បានក្លាយជាប្រធានបទមួយដែលម្នាក់ៗកោតសរសើរ ដោយសារតែរឿងមួយនេះ អាចកន្ទ្រាក់អ្នកស្នេហាវិស័យភាពយន្តឲ្យចូលទស្សនាកកកុញ។

កញ្ញា គង់ ស្រីពៅ បង្ហាញនូវមោទនភាពហួសប្រមាណ ដែលនាងសម្ដែងមួយរឿងនេះ ហើយមានគេស្គាល់តែម្ដង ដោយពេលនាងទៅណាមកណា គឺមានអ្នកសួររូបនាងពីភាពយន្តនេះជាប្រចាំ ដែលធ្វើឲ្យនាងយល់ថាខ្លួនពិតជាសំណាងមហាសំណាង ដែលមិនធ្លាប់សម្ដែងកុនសោះតែបានធ្វើតួឯកក្នុងរឿង«កូនអើយម្ដាយខ្មោច»ហើយជាភាពយន្តដែលផ្ទុះនៅក្នុងពេលនេះ មិនខុសពីរឿង«ខ្មោចដើមចេកជ្វា»និងរឿង«ផ្ទះខ្មោចទិញ»របស់ លោក ហេង តុលា ដូចគ្នានោះ៕

មតិយោបល់