ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង វ៉ាងសាន់ នៅតែក្រឡេកមើលក្រោយ

មួយរយ:ចុងក្រោយ គេកត់សម្គាល់ថាពិធីករដែលផ្ដើមចេញពីអាជីពដើរម៉ូដ និងសម្ដែង លោក នាង វ៉ាងសាន់ កាន់តែទទួលជោគជ័យ បន្ទាប់ពីលោកត្រូវបានហង្សមាសសំឡឹងឃើញហើយផ្ដល់កម្មវិធីបន្តផ្ទាល់ធំៗ ឲ្យចេញមុខ។ យ៉ាងណាមិញ តារារូបនេះ នៅតែសំលឹងងាកក្រោយ ដោយលោកមិនដែលបោះបង់ការងារតូចតាច និងបំភ្លេចប្រវត្តិតស៊ូរបស់ខ្លួននោះឡើយ។

នៅលើទូរទស្សន៍ហង្សមាស លោក នាង វ៉ាងសាន់ ត្រូវបានគេចាត់ទុកថាជាពិធីករលេចធ្លោមួយរូប ដោយក្នុងចំណោមពិធីករល្បីៗរួមមានលោក ជា វិបុល លោក សាន វិសាល និង លោក សុខ រ៉ាស៊ី គឺលោកក៏ស្ថិតក្នុងលំដាប់ជួរមុខមិនខុសគ្នាប្រចាំហង្សមាស។ លោកត្រូវគេឃើញបង្ហាញមុខសុទ្ធតែក្នុងកម្មវិធីបន្តផ្ទាល់ភាគច្រើន បើទោះជាលោកនៅមិនទាន់មានឱកាសបង្ហាញក្នុងកម្មវិធីបន្តផ្ទាល់លំដាប់ថ្នាក់ពិភពលោកមកទល់នឹងពេលនេះក្ដី។

លោកត្រូវបានហង្សមាសលើកឲ្យស្មើមុខស្មើមាត់នឹងពិធីករធំៗទាំងឡាយ ដោយដៃគូរបស់លោកគឺប្ដូរគ្រប់ពិធីការិនី មិនថាតារាជើងថ្មី ឬតារារៀមច្បងនោះទេ។ អ្វីដែលគួរឲ្យសរសើរ គឺលោកស៊ីសង្វាក់បានគ្រប់ពិធីករ និងពិធីការិនីចាស់ថ្មី ហើយជាពិធីករមួយរូបដែលមានវោហារសព័្ទ និងសំឡេងធ្ងន់ល្អ ដែលមិនរើសអើងនៅពេលបំពេញការងារជាមួយតារាមិនសូវមានឈ្មោះ។ លោកក៏ជាតារាដែលមិនទម្លាប់លាក់ប្រវត្តិ និងមិនដែលភ្លេចងាកក្រោយនូវអ្វីដែលលោកធ្លាប់បានតស៊ូនោះដែរ។

លោក នាង វ៉ាងសាន់ រមែងបញ្ជាក់ថា ទោះជាលោកល្បីដល់ណា ក៏លោកមិនអាចរឹកដែរ ហើយអ្វីដែលលោកចូលចិត្តផ្ដល់ស្នាមញញឹមទៅកាន់អ្នកជុំវិញខ្លួនជាងគេនៅក្នុងចង្កោមតារា គឺតារាស្រករក្រោយ និងតារាមិនសូវល្បីតែម្ដង ដោយសារតែលោកយល់អារម្មណ៍ក្នុងពេលខ្លួនមិនទាន់ល្បី ហើយមានតារាខ្លះរឹកពារដាក់។

លោកក៏នៅតែបន្តទទួលការងារតូចៗក្រោយពេលឡើងកូដមិនដែលឲ្យរបូតនោះដែរ មិនថាការងារតម្លៃខ្លួនបានតិច ឬការងារខាងសប្បុរសធម៌ ដែលមិនបានលុយសោះ។ លោកធ្លាប់បានបង្ហើរសំនៀងគួរឲ្យសរសើរថា«កាលយើងមិនទាន់ល្បី គឺបានដោយសារតែការងារលុយតិច និងការងារអត់លុយ(សប្បុរសធម៌)ហ្នឹងហើយ ចឹងទោះជាល្បីដល់ណា ឲ្យតែទំនេរខ្ញុំទទួលទាំងអស់។

ការលើកឡើងរបស់លោកមិនត្រឹមតែលើកឲ្យរួចពីមាត់នោះទេ ប៉ុន្តែលោកបានស្ដែងការពិត ដោយសារតែគេនៅតែឃើញលោកទទួលសម្ដែងក្នុងឈុតខារ៉ាអូខេស្រុកស្រែឲ្យទូរទស្សន៍មួយ ដូចគ្នានឹងពេលលោកមិនទាន់ល្បី ហើយបើនិយាយពីការងារសប្បុរសធម៌ ដែលជួយដល់កិច្ចការសង្គមរបស់«គ្រួសារតារាកម្ពុជា» លោកតែងតែផ្ដល់កិត្តិយស ហើយជួយដោយអស់ពីចិត្តពីថ្លើម បើទោះជាលោកគួរតែលេងចរឹកឲ្យសមនឹងមុខមាត់នៅក្នុងពេលនេះ។ យ៉ាងណាមិញ លោក នាង វ៉ាងសាន់ មិនមែនជាតារាតែម្នាក់ដែលមានចរឹកងាកក្រោយ ក្រោយពេលល្បីនោះទេ តារាមួយចំនួនក៏ចាប់ផ្ដើមភ្ញាក់ខ្លួនហើយប្រកាន់ទម្លាប់នេះដែរ បន្ទាប់ពីឃើញគំរូរាប់មិនអស់នូវតារាដែលល្បីហើយធ្លាក់កូដហៅលែងឮក្នុងសិល្ប:៕

មតិយោបល់