Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត បទថ្មី ជ័យ សុ...

បទថ្មី ជ័យ សុវ៉ាត់ ពិរោះហើយ បំផុសល្ខោនខោលយ៉ាងឡូូយទៀត!

ទើបតែចេញក្ដៅប៉ុណ្ណោះ MV បទចម្រៀងក្រោមចំណងជើងថា«តួចិត្តអាក្រក់»ដែលបកស្រាយដោយតារាចម្រៀងលោក ជ័យ សុវ៉ាត ដោយបទចម្រៀងមួយបទនេះរបស់លោក គ្រាន់តែត្រូវបានផេករបស់ផលិតកម្មសាន់ដេចេញបង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានការចែកចាយ និងការសរសើរពីសំណាក់ហ្វេនៗតែម្ដង ដោយសារតែនេះជាបទដំបូង ដែលលោក ជ័យ សុវ៉ាត បានរំលេចនូវសិល្ប:ល្ខោនខោល ហើយស្ដាប់ទៅពីរោះមិនធម្មតា។

អ្នកគាំទ្រជាច្រើនរំពឹងជំនួសសាមីខ្លួន ថាបទចម្រៀងមួយបទនេះ នឹងដក់ក្នុងអារម្មណ៍អ្នកស្នេហាវិស័យចម្រៀងភាគច្រើននោះផង។

ស្ទើរតែគ្មានអ្នកបានស្ដាប់បទចម្រៀង«តួចិត្តអាក្រក់»របស់លោកជ័យ សុវ៉ាត ណាម្នាក់ មិនសរសើរចំពោះMV មួយបទនេះរបស់លោកនោះទេ ដោយសារតែបទចម្រៀងមួយបទនេះហាក់ចាក់ដោតត្រូវអារម្មណ៍អ្នកគាំទ្រទាំងបទភ្លេង អត្ថន័យ និងជាពិសេសជាងគេ គឺការរំលេចល្ខោនខោលដែលលោកបានប្រើជាការសម្ដែងនៅក្នុងសាច់ចម្រៀង ដែលធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍នោះតែម្ដង។ នៅក្នុងបទនេះ លោកមិនត្រឹមតែតែងតួជាយក្សក្នុងសិល្ប:ល្ខោនខោលប៉ុណ្ណោះទេ ប៉ុន្តែលោកត្រូវគេដឹងថាបានហាត់រាំល្ខោនខោលដើម្បីឲ្យសម្ដែងបានសមនៅក្នុងMV មួយបទនោះដែរ។ ធៀបនឹងបទផ្សេងៗរបស់លោកដែលបានចេញក្នុងផលិតកម្មសានដេ គេកត់សម្គាល់ថាចម្រៀងមួយបទ«តួចិត្តអាក្រក់»របស់លោកបកស្រាយបានពីរោះ ហើយសម្រាប់សាច់ភ្លេងក៏លាយឧបករណ៍តន្ត្រីខ្មែរ ធ្វើឲ្យស្ដាប់ទៅប្លែកត្រចៀក និងមានលក្ខណ:ជាតិគួរឲ្យសរសើរ ខណ:ដែលការរំលេចឈុតឆាកល្ខោនខោលក្នុងវគ្គលោកច្បាំង នឹងព្រះរាម ដណ្ដើមយកព្រះនាងសិតា ក៏ជាអ្វីដែលធ្វើឲ្យMV មួយបទនេះ ក្លាយជាបទដក់ក្នុងអារម្មណ៍អ្នកបានស្ដាប់។

មកទល់ម៉ោងនេះ គេឃើញមានអ្នកចែកចាយបទចម្រៀងមួយបទច្រើននាក់ បង្ហោះពាក្យថា ពីរោះណាស់! មានន័យណាស់! អមដោយការសរសើរថាលោក ជ័យ សុវ៉ាត គឺជាអាយដលនៅក្នុងវិស័យចម្រៀង។ យ៉ាងណាមិញ គេមិនទាន់ដឹងថាម្ចាស់បទចម្រៀង គឺលោក ជ័យ សុវ៉ាត មានអារម្មណ៍បែបណា ក្រោយចម្រៀងមួយបទត្រូវបានអ្នកស្នេហាវិស័យចម្រៀងចាប់អារម្មណ៍នោះទេ ក្នុងពេលដែលគេបានត្រឹមតែដឹងថាសាច់រឿងក្នុងបទចម្រៀងនេះ គឺការបំផុសល្ខោនខោលមួយដ៏ធំ នៅក្នុងបរិបទដែលយុវវ័យភាគច្រើនងាកមកគាំទ្រសិល្ប:បុរាណមួយនេះវិញ៕

Loading...