Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត វណ្ណា វត្តី ប...

វណ្ណា វត្តី បង្ហាញមុខក្នុងផលិតកម្មថ្មី

ក្រោយបាត់មុខពីផលិតកម្មBN តារាចម្រៀង និងជាតារាសម្ដែងកញ្ញា វណ្ណា វត្តី ធ្លាប់បានបង្ហើបថានាងនឹងមិនចូលផលិតកម្មណាមួយទៀត ដោយនាងសុខចិត្តនៅជាតារាចម្រៀងឯករាជ្យ។ យ៉ាងណាមិញ នាងបានធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើល ក្នុងពេលដែលនាងស្រាប់តែបង្ហាញមុខក្នុងផលិតកម្មថ្មីគឺ Gold Production ដោយបានទាំងបញ្ចេញបទថ្មីមួយបទប្លែកត្រចៀក។

បទចម្រៀងបើកឆាករបស់នាងនៅក្នុងផលិតកម្មថ្មីនោះ មានចំណងជើងថា«បងចង់ប្លែកអារម្មណ៍» ដោយមានការទម្លាយថាបន្ទាប់ពីបញ្ចេញបទនេះ នឹងមានបទសម្រិតសម្រាំងល្អៗជាច្រើនទៀត ដែលនាងនឹងចេញវាយលុកទីផ្សារ។ ការបង្ហាញមុខក្នុងផលិតកម្មចម្រៀងមួយផ្សេងទៀតរបស់នាង គឺបានកើតមានស្របគ្នានឹងការសម្ដែងរបស់នាងក្នុងរឿង«កូនពស់កេងកង»ត្រូវបានប្រកាសបញ្ចាំងនៅលើទូរទស្សន៍ហង្សមាស នៅដើមខែវិច្ឆិកានេះ ខណ:ដែលការប្រកួតក្នុងកម្មវិធី«Star Award របស់ទូរទស្សន៍អប្សរា ដែលនាងចូលប្រកួត ក៏ជិតបង្ហាញខ្លួននៅដើមខែមករា។

នេះជាស្នាដៃដែលនាងពញាក់អារម្មណ៍អ្នកគាំទ្រ ដោយខាងផលិតកម្មបញ្ជាក់ថា វណ្ណា វត្តី នឹងមានស្ទីលថ្មីៗបង្អួតភ្នែកមហាជនមិនស្ងាត់ដូចមុននោះទេ។

កញ្ញា វណ្ណា វត្តី មិនទាន់អាចបញ្ជាក់ពីជំហរនៅក្នុងផលិតកម្មថ្មីនោះទេ ប៉ុន្តែយោងតាមការបង្ហើបគឺនាងដ្បិតតែច្រៀងក្នុងផលិតកម្ម Gold Production មែន តែមិនមានកុងត្រាចងជើងនោះទេ ដោយនាងក៏មានសិទ្ធិទទួលធ្វើពិធីការិនី សម្ដែង ឲ្យគ្រប់ផលិតកម្មផងដែរ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ។ អ៊ីចឹងហើយអ្នកគាំទ្ររំពឹងថានាងនឹងលេចធ្លោនៅដើមឆ្នាំ២០១៩ខាងមុខ ដោយសារតែស្នាដៃរបស់នាងទាំងភាពយន្ត ចម្រៀង និងការប្រកួតប្រជែងក្នុងចំណោមតារាៗលេចឡើងព្រមគ្នា៕

Loading...