Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ហ៊ុន សត្យា នៅ...

ហ៊ុន សត្យា នៅតែមានឱកាសតួឯក

បើទោះជាតារាសម្ដែងលោកហ៊ុន សត្យា មិនអាចទទួលថតរឿងដូចមួយរយ:គ្រាមុន ព្រោះតែលោកមមាញឹកនឹងការហ្វឹកហាត់សិស្សផ្នែកតៃក្វាន់ដូ តែគេកត់សម្គាល់ថាតារាសម្ដែងដែលត្រូវគេស្គាល់ថាជាគ្រូបង្វឹកផ្នែកតៃក្វាន់ដូរូបនេះ នៅតែគ្រងតំណែងតួឯក។ ជាក់ស្ដែងនៅក្នុងបទចម្រៀងរបស់កញ្ញា លី អ៊ីវ៉ាធីណា របស់ផលិតកម្មថោនក្រោមចំណងជើងថា«ថាអត់ក្បត់មួយម៉ាត់ទៅ» លោកនៅតែមានឱកាសសម្ដែងតួឯក ទោះជាបានច្រានចោលការថតភាពយន្តអស់មួយសន្ធឹក។

ក្នុងបទចម្រៀងដែលតម្រូវឲ្យលោកសម្ដែងជាបុរសផឹតក្បត់នោះ លោក ហ៊ុន សត្យា បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គួរសមដោយសារតែក្នុងបទនោះ លោកបានសម្ដែងអោបថើបតួស្រីក្នុងភាពស្រើបស្រាលធ្វើឲ្យម្នាក់ៗច្រណែននឹងលោកដែលបាននែបនិតជាមួយនារីវ័យក្មេងស្រស់ស្អាតផង។ លោកធ្លាប់បានប្រកាសថាមិនអាចទទួលថតភាពយន្តបានទេ ដោយសារតែភាពយន្តភាគច្រើនដែលបានធ្លាប់ទាក់ទង តម្រូវឲ្យលោកសម្ដែងច្រើនថ្ងៃ ហើយជួនកាលត្រូវចេញទៅខេត្តផង ដែលមិនអាចឲ្យលោកសុំច្បាប់ពីការបង្វឹកសិស្សបាន។ លោកបានទាំងប្រកាសថាការដកថយមិនទទួលថតរឿងគឺជាហេតុផលធ្វើឲ្យលោកបាត់បង់ទីផ្សារ និងស្ងាត់ការសម្ដែងនោះផង។ យ៉ាងណាមិញ លោកនៅតែមានឱកាសបានធ្វើជាតួឯកដូចដែលលោកធ្លាប់បានសម្ដែងជាតួឯកក្នុងភាពយន្តរឿង«ចង្រឹតដែកស្លាបមាស»ដដែល ដោយគ្រាន់តែតំណែងតួឯកក្នុងភាពយន្តរបស់លោក ត្រូវជំនួសដោយតួឯកក្នុងបទចម្រៀងវិញ។

លោក ហ៊ុន សត្យា បញ្ជាក់ថាបើទោះជាលោកមានការងារបង្ហាត់សិស្សទាំងក្នុងសាលាឯកជន ទាំំងក្នុងក្លិបរបស់ខ្លួនប្រចាំថ្ងៃក៏ដោយ លោកនៅតែទទួលសម្ដែងជាប្រចាំដោយគ្រាន់តែការសម្ដែងភាពយន្តគឺលោកប្រកាសមិនថតតួឯកតែម្ដង ដោយសុខចិត្តថតជាតួវាយតប់វិញ ដោយលោកប្រកាសថាទទួលថតជាតួបែបនេះទើបមិនសូវប៉ះពាល់ការងារ។ លោកក៏ជាអ្នកទទួលរៀបប្លង់ក្នុងការសម្ដែងឈុតវាយតប់គ្នា ទាំំងក្នុងភាពយន្ត និងក្នុងបទចម្រៀងផងដែរ សំខាន់ឲ្យតែការងាររវល់តែមួយថ្ងៃ ឬ២ថ្ងៃ ដែលមិនប៉ះពាល់ដល់ការងារបង្ហាត់សិស្ស។ លោកអះអាងថាសិល្ប:លោកស្រឡាញ់ខ្លាំងណាស់ ប៉ុន្តែបើឲ្យប្រឡូកស៊ប់ហើយចោលកីឡាគឺមិនអាចនោះទេ ដោយសារតែការបង្ហាត់សិស្ស គឺជាប្រភពចំណូលដ៏ធំរបស់លោកប្រចាំខែ៕

Loading...