Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ប្រឡូកសិល្ប:ម...

ប្រឡូកសិល្ប:មួយសម្លកំពិស តែ ព្រីយ៉ា ឡើងកូដ

គិតមកដល់ពេលនេះ តារាសម្ដែងកញ្ញា ព្រីយ៉ា ទើបតែប្រឡូកការងារសិល្ប:ប៉ុណ្ណោះ តែគត់សម្គាល់ថាតារាស្រីវ័យ២៥ឆ្នាំ និងមានទម្រង់មុខជាកូនកាត់អឺរ៉ុបរូបនេះ ទទួលបានឱកាសច្រើនគួរសម។ ទាំងការសម្ដែងរឿង ការសម្ដែងខារ៉ាអូខេ ការថតម៉ូដ រួមទាំងការងារពិធីការិនី នាងកញ្ឆក់បានទីផ្សារមិនធម្មតា។ កញ្ញា ព្រីយ៉ា បានថ្លែងបញ្ជាក់ថា ឱកាសចូលប្រឡូកសិល្ប:របស់នាង អាចចាត់ទុកថាជារឿងចៃដន្យច្រើនជាងការប្រឹងប្រែងស្វះស្វែង ពោលគឺនាងគ្រាន់តែមានចំណូលចិត្តចង់ក្លាយជាតារាសិល្ប: ហើយក្រោយពីបានស្គាល់ ផលិតកររៀមច្បងផ្ដល់ឱកាសឲ្យនាងចូលសម្ដែង ទើបនាងបានក្លាយជាតារាសិល្ប:នាពេលចុងក្រោយ។

កញ្ញាត្រូវបានផលិតកររឿង «អំណាចទឹកប្រាក់» គឺលោកផាត់យុទ្ធ ជ្រើសឲ្យសម្ដែងជាតួអង្គសំខាន់មួយ ទាំងនាងមិនធ្លាប់បានសម្ដែងភាពយន្តកាលពីមុនទាល់តែសោះ ដែលនាំឲ្យនាងកាន់តែមានឱកាសលេចធ្លោ នៅក្នុងពិភពសម្ដែង។ យ៉ាងណាមិញការសម្ដែងមិនមែនជាលើកទី១ របស់នាងក្នុងភាពយន្តរឿង«អំណាចទឹកប្រាក់»នោះទេ ដោយសារតែពេលកន្លងមកនាង ក៏ធ្លាប់ត្រូវបានផលិតករមួយចំនួនផ្ដល់ឱកាសឲ្យសម្ដែង ក្នុងបទចម្រៀងខារ៉ាអូខេ រហូតមានអ្នកគាំទ្រជាច្រើនកត់សម្គាល់ពីសមត្ថភាពផងដែរ។ ជាក់ស្ដែងនាងទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ តាមរយ:បទ«នឹកបងកន្លែងចាស់» និងបទ «ដើម្បីមនុស្សខ្ញុំស្រឡាញ់» របស់តារាចម្រៀង កញ្ញា ឆាយ សុវណ្ណារី បទ«បើបងក្បត់អូនអ្នកណាទទួលខុសត្រូវ» និងបទ «គ្មានការស្រឡាញ់ណាធំជាងការស្រឡាញ់របស់ឪពុកម្ដាយ»របស់តារាចម្រៀងកញ្ញា លីនដា និងបទ«កំដរខ្ញុំបន្តិចបានទេ» របស់កញ្ញា សួស វីហ្សា ក្នុងផលិតកម្មហង្សមាស។

ក្នុងនោះការងារដើរបង្ហាញម៉ូដ ក៏រុញឲ្យនាងទទួលបានភាពលេចធ្លោស្របគ្នាផងដែរ ទើបធ្វើឲ្យតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា មានសកម្មភាពរស់រវើកក្នុងការងារសិល្ប: បើទោះជាទើបតែហក់ចូលដោយមិនប្រើពេលយូរ។
កញ្ញា ព្រីយ៉ា និយាយថា ការងារសិល្ប:នាងស្ទើរតែស្រឡាញ់ និងមានទេពកោសល្យគ្រប់ទម្រង់ មិនថាចម្រៀង សម្ដែង និងដើរម៉ូដឡើយ អ៊ីចឹងហើយទើបនាងអ្វីក៏អាចធ្វើបាន ដោយសម្រាប់ការសម្ដែងគឺនាងអាចសម្ដែងបានមិនថាតួកម្សត់ តួច្រឡឺម ឬតួកាចឡើយ ដ្បិតតែនាងមិនមានបទពិសោធន៍ច្រើនឆ្នាំដូចតារារៀមច្បង។ យ៉ាងណាមិញ នាងថាខ្លួនរមែងមើលគំរូរបស់រៀមច្បងជាប្រចាំ ទើបអាចអភិវឌ្ឍន៍ខ្លួនបានមកទល់ពេលនេះ។

នាងប្រកាសដើរផ្លូវសិល្ប:ឲ្យបានជោគជ័យ ដោយក្រោយបញ្ចប់ការសម្ដែងក្នុងភាពយន្ត«អំណាចទឹកប្រាក់» គឺនាងរំពឹងថានឹងមានទីផ្សារកាន់តែខ្លាំងសម្រាប់ការសម្ដែងភាពយន្ត៕

Loading...