ព័ត៌មានសិល្បៈ និងកម្សាន្ត

មានការរិះគន់ ក្រោយក្រុមរាំសម័យ The King ក្លាយជាម្ចាស់ពាន

ការប្រកួតវគ្គបញ្ចប់ពីសំណាក់អ្នកខ្លាំងទាំង១២ក្រុម ក្នុងព្រឹត្តិការណ៍Cambodia’s Got Talent រដូវកាលទី២ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា ម្ចាស់ពានបានទៅលើក្រុមរាំសម័យ The King ទាំងមិនគួរឲ្យជឿ ខណ:ដែលក្រុមដែលមានសមត្ថភាពល្អៗជាច្រើនផ្សេងទៀត បានត្រឹមតំណែងជាក្រុមកិត្តិយស និងជាក្រុមធ្លាក់ ស្របគ្នាដែលកុមារា ស៊ាប ឈៀងហេង ដែលត្រូវគេកត់សម្គាល់មានសមត្ថភាពពិសេសផ្នែកអក្សរសាស្រ្ត និងកំណាព្យយ៉ាងកម្រ សូម្បីតែជាប់ក្នុងវគ្គ៦ក្រុមចុងក្រោយ ក៏មិនមានឈ្មោះ។ យ៉ាងណាមិញ ពិធីករគឺលោក សុខ រ៉ាស៊ី និងលោក ជា វិបុល បានអះអាងហើយថា លទ្ធផលដែលបានស្ដែងឡើងមិនមែនជាការកំណត់របស់គណកម្មការ ឬអ្នករៀបចំកម្មវិធីនោះទេ ដោយអ្នកវិនិច្ឆ័យពិតប្រាកដគឺអ្នកបោះឆ្នោតតាមរយ:ទូរស័ព្ទប៉ុណ្ណោះ។

លទ្ធផលកាន់ពានរបស់ក្រុមរាំ The King ត្រូវបានគេរិះគន់ដល់កម្មវិធី Cambodia’s Got Talent ជាលើកទី២ទៀតហើយ បន្ទាប់ពីកម្មវិធីនេះ កាលពីរដូវកាលទី១ ក៏ត្រូវគេរិះគន់ឡើងផ្អើលប្រទេសម្ដងហើយ ព្រោះតែកុមារាពិការភ្នែក គ្រាន់តែអាចច្រៀងបានពិរោះ ក្លាយជាម្ចាស់ពាន។

អ្នកទស្សនាការផ្សាយបន្តផ្ទាល់លើផេកជាច្រើនបានបង្ហាញការរិះគន់ភ្លាមៗ ដោយការរិះគន់ត្រូវគេឃើញផ្ទុះឡើងតាំងពីពេលកម្មវិធីទាំងមូលប្រកាសក្រុម៦ឈានទៅវគ្គចុងក្រោយ ហើយមិនមានឈ្មោះក្មេងប្រុសម្នាក់ ដែលអាចចេះចាំកំណាព្យ និងយល់ដឹងអក្សរសាស្រ្តលើសពីអ្នកសិក្សាជ្រៅជ្រះភាគច្រើននោះផង។ អ្នកខ្លះបានបញ្ចេញយោបល់ថា ឈប់មើលកម្មវិធីហង្សមាសហើយ និងថាការទម្លាក់កុមារា ស៊ាប ឈៀងហេង គឺដើម្បីងាយស្រួលឲ្យក្រុមដែលគេរៀបឲ្យកាន់ពាន ងាយស្រួលកាន់ពាន កុំឲ្យរងការរិះគន់។ ម្នាក់ៗហាក់មិនសូវសាទរចំពោះក្រុម The King ដែលក្លាយជាម្ចាស់ពានទេ បើទោះជាក្រុមមួយនេះ មានសមត្ថភាពខ្ពស់ ក្នុងការបញ្ចេញក្បាច់រាំ និងបង្កើតការសម្ដែងបែបសំណើច លាយឡំពេលរាំ។ អ្នករិះគន់ និយាយថាការរាំបែបសម័យបើទោះជាស្រុះគ្នាប៉ុណ្ណា ឲ្យតែមានការហ្វឹកហាត់ជាប់លាប់ និងការតាំងចិត្តខ្ពស់ គង់តែអាចត្រាប់តាមបាននោះទេ ដែលផ្ទុយពីក្មេងពូកែអក្សរសាស្រ្ត និងកំណាព្យតាំងពីក្មេង ដែលមិនសុទ្ធតែមានមនុស្សត្រាប់បាននូវសមត្ថភាពមួយនេះ។

មានការបង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង ដែលក្រុមច្រៀង រាំ និងលេងសៀក បានក្លាយជា៦ក្រុមចុងក្រោយ សម្រាប់ឆ្ពោះទៅការកាន់ពាន ក្នុងពេលដែលអ្នកមានដុងពីកំណើតចេះចាំកំណាព្យ និងការយល់ដឹងខ្ពស់ពីអក្សរសាស្ត្រខ្មែររបស់ក្មេងប្រុសម្នាក់ បែរជាមិនជាប់សូម្បីតែក្នុងវគ្គជម្រុះ៦ក្រុម។ អ្នកលេងហ្វេសប៊ុក បានទាំងរិះគន់ថា បើជ្រុលមិនជាប់កុមារា ស៊ាប ឈៀងហេង ក៏គួរតែជាប់ក្រុមសិល្ប:បុរាណដែលសុទ្ធតែល្អនៅក្នុងយប់នោះ ដោយមិនគួរគ្រាន់តែរាំសម័យស្រុះគ្នា អាចក្លាយជាម្ចាស់ពាន Got Talent លំដាប់ថ្នាក់ពិភពលោកឡើយ។ យ៉ាងណាមិញ អ្វីដែលបានកើតឡើង ត្រូវបានគេប្រកាសយ៉ាងខ្លីថា កើតឡើងដោយសារតែអ្នកបោះឆ្នោតតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមរាំ The King កន្លងមកត្រូវគេឃើញរាំឲ្យតារាចម្រៀង លោក ណុប បាយ៉ារិទ្ធិ តារាប្រចាំហង្សមាស។

មតិយោបល់