ព័ត៌មានសិល្បៈ និងកម្សាន្ត

មហោស្រពភាពយន្តខ្នាតខ្លី ឆ្នាំនេះ ធំដុំជាងមុន

ធៀបនឹងការរៀបចំមហោស្រពភាពយន្តខ្នាតខ្លី កាលពី២ឆ្នាំកន្លងទៅ គេកត់សម្គាល់ថា ការរៀបចំសម្រាប់ឆ្នាំនេះ ដែលទើបបើកប្រកាសក្ដៅៗ កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា មានសភាពធំដុំជាងមុន ដោយភាពយន្តខ្នាតខ្លី ដែលចូលរួមប្រកួតប្រជែងក៏ល្អ និងច្រើនជាងឆ្នាំកន្លងទៅ ហើយបើនិយាយពីភ្ញៀវកិត្តិយស ដែលចូលរួមក្នុងពិធីបើកសម្ពោធ ក៏ច្រើនកុះករមិនស្ងាត់ដូចមុន។ ពិធីនេះ នឹងស្វែងរកភាពយន្តល្អមួយ ដើម្បីលើកពាន ដែលភាពយន្តឆ្នាំនេះ សម្រាប់អ្នកលើកពាន ពិតជាត្រូវការភាពខ្លាំងក្លាបន្តិចហើយ ដោយសារតែស្នាដៃភាគច្រើន ដែលឈានដល់ការប្រកួតប្រជែងសុទ្ធតែខ្លាំង។

ផលិតករ មន្ត្រីជាន់ខ្ពស់ និងតារាសិល្ប:ច្រើនកុះករ ត្រូវគេឃើញបង្ហាញខ្លួន ក្នុងពិធីបើកសម្ពោធមហោស្រពភាពយន្តខ្នាតខ្លី នៅសាលមហោស្រពចតុមុខច្រើន ជាងសព្វមួយដង ដោយក្នុងពេលបើកដំណើរការ គឺសាលប្រារព្ធពិធីទាំងមូល ស្ទើរមិនមានកៅអីសល់ សម្រាប់ភ្ញៀវកិត្តិយស ដែលមកយឺតយាវ។ ភាពយន្តដែលត្រូវគេឃើញបង្ហាញខ្លួន គឺមានគុណភាពខុសឆ្ងាយពីលើកមុនទាំងពន្លឺ សំឡេង និងសាច់រឿង ដែលមានន័យថា ដ្បិតថាម្ចាស់ភាពយន្ត គឺជាផលិតករវ័យក្មេង ជំនាន់ក្រោយ ប៉ុន្តែការយល់ដឹង ពីទម្រង់ផលិតរឿង របស់អ្នកទាំងនោះ មានការយល់ដឹងខ្ពស់មិនដូចមុន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងបញ្ជាក់ថា វត្តមានមហោស្រពភាពយន្តខ្នាតខ្លី នឹងជំរុញឲ្យផលិតករក្មេងៗច្រើនឡើងបញ្ចេញស្នាដៃ ហើយមិនយូរនោះទេ ធនធានទាំងនោះ នឹងបង្កើតស្នាដៃកាន់តែល្អ ក្នុងការផលិតភាពយន្តវែងៗ ដែលជាភាពយន្តស្ដង់ដារ សម្រាប់តម្រូវការអ្នកទស្សនា។ លោកស្រីក៏លើកទឹកចិត្ត ឲ្យមានការផលិតស្នាដៃចូលរួម ឲ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ក្នុងវិស័យភាពយន្តខ្មែរ និងដើម្បីឲ្យអ្នកមានទេពកោសល្យបានក្លាយជាអ្នកអាជីព តាមរយ:ការប្រកួតប្រជែងភាពយន្តខ្នាតខ្លី ដែលក្រសួងនឹងធ្វើជារៀងរាល់មួយឆ្នាំម្ដងនេះ៕

មតិយោបល់