Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត គឹម លីហ្សា ប្...

គឹម លីហ្សា ប្រកាសបើកជំនួញអនឡាញទ្រង់ទ្រាយធំ

យោងតាមការបង្ហោះលើគណនេយ្យផ្លូវការរបស់តារាចម្រៀង និងតារាសម្ដែង អ្នកនាង គឹម លីហ្សា គឺអ្នកនាងប្រកាសឲ្យដឹងថា អ្នកនាងនឹងបើកជំនួញទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងប្អូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន«អែននីយ៉ា ខសមេធីក ត្រេឌីង» ដោយនឹងនាំចូលផលិតផលថែរក្សាសម្រស់ផ្ដាច់មុខមកពីប្រទេសថៃ ដើម្បីប្រកាសដាក់លក់នៅលើអនឡាញ។

នៅមិនទាន់ដឹងថាអ្នកនាងបានចំណាយដើមទុនជាចំណែករបស់ខ្លួនប៉ុន្មាននោះទេ តែក្រៅពីប្រកាសលក់ជាលក្ខណ:រាយរង អ្នកនាងក៏នឹងពង្រីកទីផ្សារបោះដុំឲ្យកក្រើកក្នុងពិភពមុខជំនួញនាំចូលផលិតផលមកពីប្រទេសថៃនេះផងដែរ បើទោះជាអ្នកនាងស្ថិតនៅប្រទេសអូស្រ្តាលីនៅឡើយ។

អ្នកនាង គឹម លីហ្សា បានថ្លែងបញ្ជាក់ថា អ្នកនាងពិតជាបានបោះទុនជាមួយប្អូនស្រីនាំចូលផ្ដាច់មុខផលិតផលម៉ាក Jesse ដែលល្បីល្បាញនៅក្នុងប្រទេសថៃ ដើម្បីនាំចូលផលិតផលឡេខាត់ស្បែក និងថ្នាំខាត់ស្បែក ដោយអ្នកនាងក៏នឹងគម្រោងនាំចូលផលិតផលជាច្រើនមុខទៀត ដែលផលិតផលទាំងនោះមុននឹងឈានកុងត្រានាំចូលគឺមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងសុខាភិបាលទាំងនៅកម្ពុជា និងថៃច្បាស់លាស់។

អ្នកនាងថាក្រុមហ៊ុន អែននីយ៉ា ខសមេធីក ត្រេឌីង នាំចូលផលិតផលថែរក្សាច្រើនមុខ និងមានទីផ្សារជាយូរមកហើយ ហើយដោយសារតែនាងមើលឃើញពីសក្កានុពលរបស់ក្រុមនេះ និងកត់សម្គាល់ឃើញថាទីផ្សារនាំចូលផលិតផលមកពីប្រទេសថៃ សម្រាប់គ្រឿងថែរក្សាសម្រស់ទទួលបានការចាប់អារម្មណ៍ខ្ពស់ ទើបសម្រេចបោះទុនដោយសម្អាងលើប្អូនស្រី ដើម្បីឲ្យនាំចូលផលិតផលម៉ាកល្បីយីហោ Jesse មកពីប្រទេសថៃ ឲ្យចរាចរណ៍ក្នុងក្រុមហ៊ុននេះបន្ថែម។ អ្នកនាងថាផលិតទាំងនេះគឺជាការដាក់ទុនបើកឆាករបស់ខ្លួនក្រោយពេលទៅរស់នៅប្រទេសអូស្រ្តាលី ដោយអ្នកនាងក៏ចំណាយពេលLive លក់ក្នុងពេលបន្តបន្ទាប់ ដើម្បីពង្រីកយីហោផលិតផលដែលនាំចូលនោះផងដែរ ក្រៅពីចុះមកថតបប្រូម៉ូដ នៅពេលផលិតផលគ្រប់មុខមកដល់កម្ពុជាទាំងស្រុង។

អ្នកនាង គឹម លីហ្សា ថាផលិតផលដែលខ្លួននាំចូលមិនមែនមានតែពីរបីមុខនោះទេ ប៉ុន្តែមកពីផលិតផលខ្លះស្ថិតក្នុងការកុម្ម៉ង់ និងមិនទាន់មកដល់ប្រទេសកម្ពុជានៅឡើយ ទើបអ្នកនាងមិនសម្រេចចិត្តចុះមកថត។ យ៉ាងណាមិញ អ្នកនាងរំពឹងថាជំនួញនាំចូលផលិតផលផ្ដាច់មុខពីថៃ ដើម្បីដាក់លក់លើអនឡាញរបស់ខ្លួន នឹងទទួលបានទីផ្សារដូចការរំពឹងទុក ដោយសារសម្អាងថាក្រុមហ៊ុនរបស់ប្អូនស្រីមានការគាំទ្រលើមុខជំនួញនេះជាយូរមកហើយ និងសម្អាងថាប្រជាប្រិយភាពរបស់ខ្លួនដែលម្ចាស់ផលិតផលក៏នឹងប្រមូលបានការគាំទ្រខ្លាំងក្លា។

អ្នកនាងក៏នឹងធ្វើយុទ្ធសាស្ត្រពង្រាយផលិតឲ្យមានការកុម្ម៉ង់បោះដុំឲ្យច្រើនក្នុងពេលបន្តបន្ទាប់ផងដែរ ដោយមិនទុកឲ្យមុខរបរដែលអ្នកនាង និងប្អូនស្រីចេញរករួមគ្នាដំបូង បានផលមិនដូចចិត្តនោះទេ៕

Loading...