Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ក្រុមកន្រ្ទឹម...

ក្រុមកន្រ្ទឹមថៃ ស្វាគមន៍យ៉ាងកក់ក្ដៅ ដល់តារាកម្ពុជា

ចាត់ទុកថាជាមោទនភាព ដែលគណកម្មការរៀបចំព្រឹត្តិការណ៍កន្រ្ទឹមអាស៑ានប្រចាំខេត្តសុរិន្ទប្រទេសថៃ បានអញ្ជើញតំណាងសិល្បករខ្មែរជាច្រើនរូប ឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយទទួលស្វាគមន៍យ៉ាងកក់ក្ដៅលើទឹកដីថៃ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជាពីរដោយថ្ងៃទី១៦ វិច្ឆិកា រៀបចំនៅខេត្តសៀមរាបប្រទេសកម្ពុជា ដោយធ្វើពិធីសែនគ្រូ សម្ពោធផ្ទះកន្រ្ទឹមអាស៑ានទី១ ដើម្បីផ្សព្វផ្សាយថាកន្រ្ទឹមជាសិល្ប:ដើមរបស់ខ្មែរ និងដើម្បីឲ្យខ្មែរនៅគ្រប់ទិសទី និងជាតិសាសន៍ដទៃ ដែលចង់អភិរក្សកន្រ្ទឹម មកសិក្សាស្វែងយល់សិល្ប:កន្រ្ទឹមនៅផ្ទះកន្រ្ទឹមនៅសៀមរាប។

ដោយឡែកនៅក្នុងប្រទេសថៃ គេឃើញមានការរៀបចំការបង្ហាញម៉ូដ ច្រៀងរាំទ្រង់ទ្រាយធំ និងផ្សព្វផ្សាយពីកន្រ្ទឹមដោយចូលរួមពីសិល្បករកន្រ្ទឹមល្បីៗនៅគ្រប់ទិសទីនៅក្នុងទូរទាំងខេត្តសុរិន្ទ និងប្រទេសថៃ។

ប្រតិភូ និងសិល្បករខ្មែរ មកពីទូរទស្សន៍អប្សរា និង”គ្រួសារតារាកម្ពុជា” ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ នៅក្នុងព្រឹត្រិការណ៍ទាំងមូល ដោយក្រោយបញ្ចប់ការសម្ដែងសិល្ប:ក្នុងព្រឹត្តិការណ៍កន្រ្ទឹម គណកម្មការរៀបចំ និងអភិបាលខេត្តុរិន្ទ ក៍រៀបចំការទទួលស្វាគមន៍ប្រតិភូ អមដោយដំណើរទស្សនកិច្ចក្នុងទីតាំងសំខាន់ៗប្រចាំខេត្តផងដែរ។ តារាខ្មែរត្រូវបានស្វាគមន៍ ដោយពិធីជប់លៀង ការអញ្ជើញជាកិត្តិយសតំណាងប្រទេស ក្នុងពិធីបុណ្យដំរីទ្រង់ទ្រាយធំ ដែលមានអ្នកទស្សនាខ្ទង់ម៉ឺននាក់ និងជូនដើរទស្សនកិច្ចក្នុងតំបន់ប្រាសាទបុរាណ ទស្សនាកន្លែងតំបាញសូត្រល្បីល្បាញរបស់ថៃ ទស្សនកិច្ចសារមន្ទីរអភិរក្សសិល្ប:កន្រ្ទឹម និងកន្លែងធ្វើគ្រឿងអលង្ការពីប្រាក់ និងត្បូងប្រចាំខេត្តជាដើម ពេញរយ:ពេល២ថ្ងៃ។ បងប្អូនខ្មែរនៅសុរិន្ទ ដែលជាម្ចាស់ដើមរបស់កន្រ្ទឹម បានប្រកាសយ៉ាងក្ដែងៗថា កន្រ្ទឹមគឺជារបស់ខ្មែរ នឹងបានស្នើឲ្យជនជាតិខ្មែររួមគ្នាអភិរក្សឲ្យបានល្អ ដោយអ្នកជំនាញៗកន្រ្ទឹមប្រចាំខេត្តសុរិន្ទ ស្វាគមន៍ចំពោះការទទួលបណ្ដុះបណ្ដាលលើផ្នែកឩបករណ៍ និងទម្រង់ច្រៀងដោយមិនគិតថ្លៃ ដល់ជនជាតិខ្មែរ និងជាតិសាសន៍ទាំងឡាយដែលចង់ស្វែងយល់ពីសិល្ប:នេះផង។ ព្រឹត្តិការណ៍នេះ គ្រោងរៀបចំឡើងធំជាងនេះនៅឆ្នាំក្រោយ ដើម្បីឲ្យសិល្ប:កន្រ្ទឹមដែលជារបស់ដើមរបស់ដូនតាខ្មែរ កាន់តែមានការទទួលស្គាល់ជាអន្តរជាតិ។ ក្នុងការស្វាគមន៍នោះ ក៍មានពិធីបួងសួង សកម្មភាពរាំលេងបង្កើនមិត្តភាពរវាងសុរិន្ទ និងកម្ពុជា និងពិធីគួចដៃដល់តារាខ្មែរឲ្យមានសិរីសួស្ដិ ដែលជាប្រពៃណីរបស់ជនជាតិខ្មែរសុរិន្ទដល់តារាខ្មែរ មុនពេកចាកចេញមកកម្ពុជា៕

Loading...