ព័ត៌មានសិល្បៈ និងកម្សាន្ត

​អ្នកគ្រូ គង់ ណារី ផ្ដែផ្ដាំ ក្នុងសភាពជំងឺអស់សង្ឃឹម

កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា គ្រួសារតារាកម្ពុជា បានដឹកនាំតារាសិល្ប: និងជំនួយមួយចំនួន ជូនដល់អ្នកគ្រូ គង់ ណារី ដែលមានជំងឺ ក្រិនថ្លើម និងទាចទឹក ក្នុងដំណាក់កាលចុងក្រោយ នៅក្នុងមន្ទីរពេទ្យព្រះកុសុម: ហៅពេទ្យលោកសង្ឃ។ បើទោះជាបានដឹងថាសភាពជំងឺរបស់អ្នកគ្រូស្ថិតក្នុងសភាពពអស់សង្ឃឹមក៏ដោយ ក៏សិល្បការិនីរៀមច្បងរូបនេះនៅតែរឹងមាំស្មារតី និងបានផ្ដែផ្ដាំមួយចំនួនដល់លោកសុះ ម៉ាច និងសិល្បករដែលបានបង្ហាញវត្តមានចុះទៅសួរសុខទុក្ខដល់អ្នកគ្រូនៅក្នុងពេលនោះ។

អ្នកគ្រូ គង់ ណារី និយាយថាបើទោះជាអ្នកមិនដឹងបន្តជីវិតបានដល់ថ្ងៃណា ប៉ុន្តែអ្វីដែលអ្នកគ្រូចង់ឃើញ គឺសិល្ប:ជំនាន់ក្រោយរីកចម្រើន និងចេះការពារគ្នា ដើម្បីកុំឲ្យប្រទេសជិតខាងមាក់ងាយ និងដើម្បីកុំឲ្យវិស័យសិល្ប:របស់យើងចុះខ្សោយ។ អ្នកគ្រូទទូចឲ្យក្មេងជំនាន់ក្រោយរៀនស្វែងយល់ពីស្នាដៃចាស់ៗរបស់តារារៀមច្បង ដោយអ្នកគ្រូបានលើកឧទាហរណ៍ថា ករណីដូចជាលោកសុះ ម៉ាស អ្នកសារព័ត៌មានគួរផ្សាយពីប្រវត្តិ និងស្នាដៃរបស់លោកឲ្យបានច្រើន ដើម្បីឲ្យប្រវត្តិតស៊ូ និងស្នាដៃរបស់លោក ក៏ដូចជាអ្នកសិល្ប:ជើងចាស់ផ្សេងទៀត មានតម្លៃក្នុងក្រសែភ្នែកតារាជំនាន់ក្រោយ និងមហាជន។ អ្នកគ្រូថាគឺជារឿងសង្វេគណាស់ ដែលអ្នកសិល្ប:ត្រូវគេបែងចែកគ្នារវាងអ្នកបុរាណ និងសម័យ រវាងអ្នកជើងចាស់ និងជើងថ្មី ដែលធ្វើឲ្យក្នុងពេលខ្លះអ្នកជើងចាស់ក្លាយជាក្រុមឯកោ ស្របគ្នាដែលទីផ្សារធ្លាក់ចុះ។

អ្នកគ្រូផ្ដាំឲ្យលោកសុះ ម៉ាច និងអ្នកមានឥទ្ធិពលក្នុងការលើកស្ទួយសិល្ប: ជួយបណ្ដុះគំនិតជំរុញដល់អ្នកសិល្ប:ក្មេងៗ ដោយអ្នកគ្រូបញ្ជាក់ថាបើអ្នកជំនាញ់ក្រោយមិនទទួលបានការយកចិត្តទុកដាក់ និងបណ្ដុះជំនាញឲ្យច្បាស់លាស់ នោះវិស័យសិល្ប: នឹងមិនអាចទៅមុខបានទេ។

ជាមួយនឹងការផ្ដែផ្ដាំដល់អ្នកសិល្ប: ដែលមើលមួយភ្លែតហាក់ដូចជាអ្នកគ្រូមានសុខភាពប្រក្រតី អ្នកគ្រូ គង់ ណារី ដែលមានសភាពស្គមស្លេកស្លាំង និងមានក្បាលពោះធំព្រោះតែទាចទឹក និងក្រិនថ្លើម ដល់ដំណាក់កាលចុងក្រោយ បានទទួលស្គាល់ថាអ្នកគ្រូពិតជាមានជំងឺធ្ងន់ តែអ្នកគ្រូមិនតក់ស្លុតទេ ដោយអ្នកគ្រូបញ្ជាក់ថាជីវិតមិនមានអ្វីត្រូវខ្លាច និងបានបង្ហាញអារម្មណ៍សើចសប្បាយត្រេកអរយ៉ាងខ្លាំង នៅពេលតារាដែលៗចុះសួរសុខទុក្ខជូនពរកុំឲ្យអ្នកគ្រូមានភ័យ។ តារាសិល្ប:ដែលបានទៅសួរសុខទុក្ខអ្នកគ្រូដោយផ្ទាល់នៅក្នុងថ្ងៃនោះ រួមមាន លោក សុះ ម៉ាច តារាចម្រៀង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក ហាក់ ធៀមុន្នី ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែង, កញ្ញា ចែ ឈុំភួយ តារាចម្រៀង និងសិល្បករក្មេងមួយចំនួនទៀត។

លោក សុះ ម៉ាច និងស្ថាបនិក«គ្រួសារតារាកម្ពុជា»បានប្រគល់ថវិកាចំនួនជាង១លាន៥សែនរៀលជូនដល់អ្នកគ្រូនៅក្នុងថ្ងៃនោះ ព្រមជាមួយនឹងស្នើឲ្យអ្នកគ្រូរឹងមាំ ដោយរំពឹងថាជំងឺដែលក្រុមគ្រូពេទ្យបញ្ជាក់ថាឈានដល់អស់សង្ឃឹម នឹងមានសង្ឃឹមជាយថាហេតុ ដើម្បីឲ្យអ្នកគ្រូបានបន្តឈរជើងនៅក្នុងវិស័យសិល្ប: ជាពិសេសការបង្ហាត់បង្ហាញដល់ក្មេងជំនាន់ក្រោយ ឲ្យយល់ដឹងពីជំនាញពិធីករ ចម្រៀង និងរបៀបពិធីការជាដើម៕

មតិយោបល់