ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឹត្តិការណ៍ទូងស្គរយ៉ាងកក្រើក! តែសិល្បករតិចតួចបំផុត ចូលរួមអបអរ

ផ្ទុយពីការរំពឹងទុកដែលថា នៅយប់ថ្ងៃទី៣០ វិច្ឆិកា នឹងមានតារាសិល្ប:ចាស់ថ្មីជំនាន់ក្រោយទៅអបអរកុះករក្នុងពិធីទូងស្គរ និងសម្ដែងសិល្ប:ជាទ្រង់ទ្រាយធំរបស់ក្រុមល្ខោនខោល អបអរដល់ជ័យជម្នះដែលអង្គការយូណេស្កូ ប្រកាសទទួលស្គាល់ខោលខ្មែរជាសម្បត្តិបេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិ គេបែរជាកត់សម្គាល់ថាអ្នកសិល្ប:ជំនាន់ក្រោយ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងគឺស្ទើរតែគ្មានតែម្ដង ប្រសិនបើតារាសិល្ប:មួយក្រុមក្រោមការដឹកនាំរបស់«គ្រួសារតារាកម្ពុជា»មិនត្រូវបានប្រមូលកម្លាំងគ្នាទៅអបអរទាំងយប់នៅក្នុងពេលនោះ។ យ៉ាងណាមិញ នោះក៏អាចបណ្ដាលមកពីការទូងស្គរត្រូវបានកំណត់ធ្វើឡើងយប់ពេល និងអាចមកពីមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយថា នឹងមានការសម្ដែងសិល្ប:ទ្រង់ទ្រាយធំពីល្ខោនខោលដើម្បីអបអរផងដែរ។

យោងតាមការបញ្ជាក់របស់តំណាងក្រុម«គ្រួសារតារាកម្ពុជា»បានអះអាងថាការប្រមូលផ្ដុំអ្នកសិល្ប: ទៅចូលរួមអបអរនៅក្នុងយប់នោះ គឺដើម្បីឲ្យមានកម្លាំងអ្នកសិល្ប:ជំនាន់ក្រោយកាន់តែច្រើន នៅក្នុងពិធីទូងស្គរ ដើម្បីបង្ហាញថាអ្នកសិល្ប:គ្រប់ជំនាន់ពិតមានការរំភើប និងគាំទ្រ ពេញទំហឹងចំពោះជ័យជម្នះរបស់ល្ខោនខោលខ្មែរ ដែលត្រូវបានអន្តរជាតិចុះក្នុងបញ្ជីពិភពលោកប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយពីការរំពឹងទុក នៅក្នុងពិធីទូងស្គរទាំងមូល ស្ទើរមិនមានវត្តមានតារាសិល្ប:ជំនាន់ក្រោយ ជាពិសេសអ្នកមានកេរ្តិ៍ឈ្មោះបោះសំឡេង ក្រៅពីក្រុមរបស់«គ្រួសារតារាកម្ពុជា»ច្រើនទេ ដែលអាចថានោះជាពេលវេលាយប់ពេក ដែលពិបាកឲ្យអ្នកសិល្ប:ចូលរួម។

វត្តមានរបស់តារាសិល្ប:ចាស់ថ្មីដែលប្រមូលផ្ដុំដោយ«គ្រួសារតារាកម្ពុជា»បានធ្វើឲ្យមហាជន និងអ្នកសារព័ត៌មានមានការចាប់អារម្មណ៍ និងធ្វើឲ្យពិធីទូងស្គរ ក៏ដូចជាការសម្ដែងសិល្ប:ល្ខោនខោលអបអរកញ្ជ្រោលយ៉ាងខ្លាំង ជាពិសេសជាមួយនឹងការរំលេចក្រុមដោយក្រមាខ្មែរ ទង់ជាតិគ្រប់ដៃ និងមានខ្លះគ្រងឈុតបុរាណទាក់ភ្នែក បើទោះជាត្រូវចំណាយថវិកាដោយផ្ទាល់ខ្លួន។ តារាសិល្ប:របស់«គ្រួសារតារាកម្ពុជា»ដែលបង្ហាញខ្លួននៅក្នុងយប់នោះ រួមមាន អ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារ ដោយអ្នកនាងបានទាំងលើកក្រុមរាំយកទៅអបអរផង, អ្នកនាងចាន់ សុផានី អតីតពិធីការិនី, ផលិតករល្បីឈ្មោះ លោកហង្ស សុវណ្ណារ៉ា និងក្រុមតារាប្រចាំក្លិប, លោកឌុច សារួន តារាសិល្ប:ជើងចាស់, ក្រុមបង្ហាញម៉ូដ BN របស់អ្នកនាង បូរ៉ានិច, លោកស៊ឹម ស៊ីណាត តារាចម្រៀង, កញ្ញា វណ្ណា វត្តី តារាចម្រៀង, លោក សន សុវណ្ណារា ពិធីករ, លោក ឃីម រតន: តារាសម្ដែង, អ្នកនាង សាង សុរិយា តារាសម្ដែង, លោក ខៀវ ប៊ុនលាភ តារាចម្រៀង, លោកដួង តារាផាឌីន តារាចម្រៀង, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀង, លោកឆាលី តារាសម្ដែង, កញ្ញា ទេព មុន្នីរក្សា តារាសម្ដែង, កញ្ញាព្រះអាទិត្យតូច ពិធីការិនី កញ្ញា សោភា ចម្រើន តារាសម្ដែង និងជាម្ចាស់ហាងផ្កាស្រស់ Eden Florist, លោកពិសាលស័ក្ដ តារាសម្ដែង និងតារាសិល្ប:ជាច្រើនរូបសរុបប្រមាណជាង៥០នាក់។

អ្នកនាង ខាត់ សុឃីម ថាជារឿងសោកស្ដាយប្រសិនបើកម្មវិធីទូងស្គរនៅក្នុងយប់នោះ បានតារាសិល្ប:ចាស់ទុំចូលរួមបានច្រើន នោះពិតជាកាន់តែល្អដើម្បីជួយផ្សព្វផ្សាយ និងធ្វើឲ្យពិធីទាំងមូលកាន់តែទាក់ទាញខ្លាំង ដោយសារតែអ្នកនាងថាតារាសិល្ប: សុទ្ធតែមានប្រជាប្រិយភាពផ្សព្វផ្សាយ និងចែកចាយបន្តបានខ្លាំង។ អ្នកនាងថាបើការទូងស្គរនៅក្នុងពេលនោះ មានតារាសិល្ប:បង្ហាញខ្លួនដល់១០០ឬ២០០នាក់ ហើយសុទ្ធតែជាតារាល្បីៗផង មិនដឹងជាប្រទេសជិតខាងកោតសរសើរពីកម្ពុជាយ៉ាងណានោះទេ៕

មតិយោបល់