ព័ត៌មានសិល្បៈ និងកម្សាន្ត

សូ ស្រណោះ ពង្រឹងកម្លាំង ត្រៀមទៅយកពានសិល្បៈ នៅវៀតណាម

នៅកៀកបំណាច់ខែធ្នូខាងមុខនេះ បណ្ឌិតព្យាណូល្បីល្បាញប្រចាំកម្ពុជា លោក សូ ស្រណោះ នឹងបញ្ជូនកូនសិស្សរបស់ខ្លួន ប្រមាណជាង៣០នាក់ឲ្យចេញទៅប្រកួតតន្ត្រីជាអន្តរជាតិ នៅក្នុងប្រទេសវៀតណាមជាថ្មីទៀតហើយ ដែលព្រឹត្តិការណ៍នេះ កម្ពុជាធ្លាប់បានបញ្ជូនសិស្សទៅប្រកួត២ដងរួចមកហើយ ដោយគ្រាន់តែការត្រៀមចេញលើកនេះ គឺនឹងមានការរៀបចំបែបផែនច្បាស់លាស់ជាងមុន។ ក្នុងនោះលោកថែមទាំងរំពឹងថា កូនសិស្សដែលនឹងចេញទៅ នឹងជួយឲ្យកម្ពុជាដណ្ដើមបានពានមាស និងជើងឯកប្រចាំកម្ពុជា ក្នុងតួលេខខ្ពស់នោះផង។

លោក សូ ស្រណោះ ដោយសារតែកម្ពុជាទទួលបានសិទ្ធិចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតន្រ្តីអាស៊ានបូកកូរ៉េ នៅថ្ងៃទី១៩ និង២០ ធ្នូនោះ ទើបលោកចំណាយពេលបង្វឹកសិស្សយ៉ាងយកចិត្តទុកដល់សិស្សៗ ចំនួន៣៨នាក់ លើវិញ្ញាសារចំនួន៤ ដែលមានឈ្មោះត្រូវចេញប្រកួត ដោយវិញ្ញាសារ២គឺតន្ត្រី និងព្យាណូ លោកហាក់ជឿជាក់យ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់កូនសិស្ស ថានឹងអាចដណ្ដើមបានពានជើងឯកក្រោយបញ្ចប់ការប្រកួត។ លោកថា ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហូជីមីង ដោយក្រុមកម្ពុជា ត្រូវចេញដំណើរទៅនៅថ្ងៃទី១៨ និងត្រលប់មកវិញនៅថ្ងៃទី២១ ធ្នូ ដែលតម្រូវឲ្យលោក និងគ្រូបង្វឹកផ្សេងទៀត ត្រូវតែបង្វឹកបង្កើនសមត្ថភាពរបស់សិស្សឲ្យបានរឹងមាំជាងមុន ចាប់ពីថ្ងៃទី២ ធ្នូតទៅ មុនចេញទៅប្រកួតនៅវៀតណាម។ លោកថា កូនសិស្សរបស់សាលាស្រណោះតន្ត្រី មិនមែនចេញទៅប្រកួត នៅក្រៅប្រទេសនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូចមុនទៀតទេ គឺទៅក្នុងភាពម៉ត់ចត់ និងច្បាស់លាស់ ទើបលោករំពឹងជាងមុនថា វត្តមានរបស់តំណាងកម្ពុជាលើកនេះ គឺនឹងបានលទ្ធផលល្អជាងមុនដាច់ឆ្ងាយលើសមុន បើទោះជាកាលទៅប្រលងនៅក្នុងប្រទេសសិង្ហបុរីកាលមុន ក្រុមរបស់លោកទទួលបានពានមាសច្រើន។ ក្នុងនោះលោកក៏ត្រូវបានគេ ផ្ដល់សិទ្ធិឲ្យធ្វើជាគណកម្មការដាក់ពិន្ទុផងដែរ ដោយគ្រាន់តែមិនអនុញ្ញាតិ ឲ្យដាក់ពិន្ទុឲ្យបេក្ខភាពកម្ពុជា។

លោក សូ ស្រណោះ បញ្ជាក់ថា សម្រាបប់ការចេញទៅប្រលងរបស់កូនសិស្សលោកលើកនេះ ក៏មិនខុសមុនដែរ គឺនឹងមានការបង្ហាញអត្តសញ្ញាខ្មែរ ដោយការច្រៀងបទចម្រៀងជាតិរួមគ្នា និងតម្រូវឲ្យសិស្សរបស់លោកស្លៀកឈុតហូលផាមួង និងក្រមាខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិ៕

មតិយោបល់