Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត គួររសរសើរ! ក្...

គួររសរសើរ! ក្រុម Ice Band ចេញបទរ៉ក់ រំលេចល្ខោនខោល និងកីឡារួមគ្នា

ចាត់ទុកជាការចាប់អារម្មណ៍មួយ ដែលក្រុមចម្រៀងយុវវ័យ បានងាកមកបង្កើតស្នាដៃលើកស្ទួយសិល្ប:បុរាណ គឺល្ខោនខោល ដោយបានបញ្ចេញស្នាដៃ Original Song ដើម្បីរំលេចពីល្ខោនខោល និងកីឡា នៅក្នុងបទចម្រៀងរបស់ខ្លួន។ នេះជាស្នាដៃមួយថ្មីរបស់ក្រុមចម្រៀង Ice Band ដែលទើបតែរះក្នុងផលិតកម្មថោន បន្ទាប់ពីក្រុមចម្រៀងនេះ បានធ្វើឲ្យមានការទទួលស្គាល់ស្នាដៃក្នុងបទ «កីឡាជាតិ»យ៉ាងកក្រើកនាពេលមុន។

គ្មានអ្នកណាមិនដឹងនោះទេ ថាបទចម្រៀង «កីឡាជាតិ» ដែលនិពន្ឋទំនុកច្រៀងដោយលោក សយ រតនា និពន្ឋបទភ្លេងដោយក្រុម Ice Band បានអង្រួនទឹកចិត្តអ្នកស្នេហាវិស័យកីឡា និងបទចម្រៀង ឲ្យស្លុងនឹងបទចម្រៀងនេះយ៉ាងខ្លាំង ដោយសារតែបទចម្រៀងទាំងមូល គឺពោរពេញដោយអត្ថន័យ និងការលើកទឹកចិត្ត ហើយស្ដាប់ទៅពីរោះមិនធម្មតា។ ជាមួយនឹងជោគជ័យនោះហើយ ដែលក្រុមមួយនេះ បានក្លាយជាក្រុមចម្រៀងរបស់ផលិតកម្មថោន ដោយត្រូវបានផលិតកម្មថោនជឿទុកចិត្ត ហើយដាក់បញ្ចូលក្រុមនេះ ជាក្រុមការងាររបស់ថោន ដែលមានន័យថាក្រុម Ice Band លែងជាក្រុមចម្រៀង លែងជាក្រុមនិពន្ធសាច់ភ្លេងឯកោដូចមុន។ អ្វីដែលគេកាន់តែកត់សម្គាល់ទៅទៀតនោះ គឺ Ice Band ក៏ត្រូវបានបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួន បានទំនាក់ទំនងហៅឡើងបង្ហាញសមត្ថភាព សម្តែងលើឆាកតន្ត្រីផ្សាយផ្ទាល់ ក៏ឃើញមានអ្នកមកទស្សនាច្រើនផងដែរ ខណ:ដែលក្រុមមួយនេះ នៅតែប្រកាសជំហរថា ខ្លួននឹងផលិតបទចម្រៀងដែលមានខ្លឹមសារលើកស្ទួយជាតិ ឲ្យបានច្រើនក្នុងពេលខាងមុខ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមទាំងមូលទើបនឹងបាននិពន្ធបទចង្វាក់រ៉ុកថ្មីសន្លាង ដោយច្រៀងរៀបរាប់ពីល្ខោនខោលក្រោមចំណងជើងថា« ឈ្នះហើយ» ដោយបទចម្រៀងនេះ ក្រោយក្រុមរបស់លោក បានឡើងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ គឺមានគាំទ្រយ៉ាងខ្លាំង ដោយសារតែបទនោះ គឺមានខ្លឹមសារបញ្ជាក់ថា ខ្មែរជោគជ័យក្នុងការដាក់បញ្ចូលល្ខោនខោលជាបេតិកភ័ណ្ឌជាតិ និងបានបង្កប់ខ្លឹមសារលើកស្ទួយវិស័យកីឡា គួរឲ្យសរសើរ។ លោកថាហេតុផលដែលលោកនិពន្ធបទ«ឈ្នះហើយ» គឺគ្រាន់តែចង់ធ្វើឲ្យក្មេងៗ និងយុវវ័យ ដែលមិនចូលចិត្តសិល្ប:បុរាណ ងាកមកគាំទ្រល្ខោនខោលឲ្យកាន់តែជ្រៅប៉ុណ្ណោះ៕

Loading...