Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត យស បូវណ្ណ: សម...

យស បូវណ្ណ: សម្ដែងឆាកដំបូង ក្នុងប្លង់ឆេះផ្ទះ

គ្រាន់តែចុះមកដល់ប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផង តារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: ត្រូវគេឃើញលេខមុខសម្ដែងភ្លាមៗ កាលពីព្រឹកថ្ងៃទី៤ ធ្នូ នៅខាងក្រោយវត្តគោកឃ្លាង ដោយលោកត្រូវសម្ដែងក្នុងឆាកធំ ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី ក្នុងឆាកភ្លើងឆេះផ្ទះ រលេះរលួយរាងកាយតែម្ដង។ លោកត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង និងតម្រូវឲ្យសម្ដែងក្នុងប្លង់កម្សត់ និងពិបាកបើកឆាកតែម្ដង ប៉ុន្តែគេនៅតែកត់សម្គាល់ថា ការសម្ដែងរបស់លោកឆាប់ត្រូវ មិនសូវខុស។

លោក អ៊ិន សុភិន បានថ្លែងបញ្ជាក់ថា ដោយសារតែលោក យស បូវណ្ណ: មានពេលថតរឿង«លោកឪពុក» តែប្រមាណ២០ថ្ងៃ ទើបខាងផលិតកម្មមហាហង្សសម្រុកចេញថតតែម្ដង ដោយការសម្ដែងលើកដំបូងរបស់អតីតារាល្បីល្បាញកាលពីអំឡុងឆ្នាំ៩០រូបនេះ គឺសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់តែម្ដង។ លោកអះអាងថា ក្នុងប្លង់ត្រូវភ្លើងឆេះផ្ទះនេះ គឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៍ជាប្លង់ដែលតម្រូវឲ្យលោកក្លាយជាបុរសពិការជើងព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោកយស បូវណ្ណ: ជាឳពុក ព្រោះតែលោកពិការ ក្រីក្រ មិនអាចឲ្យបាងលូយឆាយ ក្នុងពេលពេញវ័យទៅបាន។ លោកថាក្នុងរឿង”លោកឳពុក” មានតួអង្គឳពុក៣រូប ដោយលោក យស បូវណ្ណ: គឺជាឳពុកដៃគូ ជាមួយអ្នកនាង ចាន់ តារាទី ហើយលោកក៍ជាតួឳពុកដែលឆ្លុះបញ្ចាំងពីទឹកចិត្តឪពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឲ្យកូនស្រីបានល្អ គឺទោះជាលោកពិការ និងរកស៊ីលក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជាឳពុក។

លោក យស បូវណ្ណ: និយាយថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាក ហើយសម្ដែងឆាកធំតែម្ដង ដែលលោកបានហៅឈុតឆាកនេះថា ជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមករចង់ស្រក់ទឹកភ្នែក។ ក្នុងនោះលោកក៍បានបញ្ជាក់ថា មិនមានការលំបាកនោះផង ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ និងម្យ៉ាងមកពីលោកដ្បិតថាខានសម្ដែងច្រើនឆ្នាំតែអារម្មណ៍ និងបទពិសោធន៍គឺនៅតែដិតដាមក្នុងអារម្មណ៍៕

Loading...