Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រាប សុវត្ថិ...

ព្រាប សុវត្ថិ និងខេមរ: សិរីមន្ត ធ្វើរឿងមួយរួមគ្នា នឹកស្មានមិនដល់

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ និងលោក ខេមរ: សិរីមន្ត ត្រូវគេប្រដូចជាខ្លាឈ្មោល លើភ្នំហង្សមាសតែមួយ ដែលមិនត្រឹមតែមានអ្នកយល់ថា តារាទាំងពីរឈរនៅលើមាគ៌ាប្រកួតប្រជែងគ្នាទាំងសិល្ប: និងជីវិតឯកជននោះទេ សូម្បីតែអ្នកគាំទ្ររបស់តារាទាំងពីរក៏កាច់កុងគ្នា ដើម្បីលើកស្ទួយតារាដែលខ្លួនពេញចិត្តម្ខាងៗ មិនសូវចុះសម្រុងនឹងគ្នាផងដែរ។ យ៉ាងណាមិញអ្នកទាំងពីរបែរជាធ្វើឲ្យម្នាក់ៗ ភ្ញាកក់ផ្អើល បន្ទាប់ពីមានដំណឹងថា តារាទាំងពីរបានចំណាយទុនច្រើនលានដុល្លារបើកជំនួញរួមគ្នា ដែលនេះ គឺជាដំណឹងបិទបញ្ចប់ចំពោះការយល់ថា នៅខាងក្រៅឆាកអ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នា។

យោងតាមការបង្ហោះលើផេកបុរីឡេងណាវ៉ាត់ត្រា បានអះអាងថា លោកព្រាប សុវត្ថិ និងលោក ខេមរ: សិរីមន្ត ក្រោយពីទទួលបានជោគជ័យ ក្នុងគម្រោងដីធ្លីពុះលក់រៀងខ្លួន អ្នកទាំងពីរបានសម្រេចចិត្តបោះទុន រួមគ្នាតែមួយជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះ គឺធំជាងគម្រោងមុនៗទ្វេរដង ហើយសម្រាប់ដើមទុន ក៏មិនតិចជាង២០លានដុល្លារ។ ការបង្ហោះបញ្ជាក់ថាអ្នកទាំងពីរ មិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ ដែលនេះ គឺជាគម្រោងមហាសេដ្ឋី ដែលមិនធ្លាប់មានសម្រាប់តារាចម្រៀងនៅក្នុងពិភពសិល្ប:។

លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោកខេមរ: សិរីមន្ត ពិតជាចំណាយទុនបើកគម្រោង រកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និង លោកព្រាប សុវត្ថិ ឬរវាងលោក និងលោក ខេមរ: សិរីមន្ត ដាច់គ្នាដូចមុននោះទេ ប៉ុន្តែគឺជាគម្រោងបោះទុនរួមគ្នាទាំង៣ បញ្ចូលគ្នាតែម្ដង ដើម្បីឲ្យបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់នោះផង។ លោកថា គម្រោងលោក ព្រាប សុវត្ថិ និងលោកខេមរ: សិរីមន្ត រួមគ្នានោះ ស្ថិតនៅម្ដុំព្រៃទទឹងលើផ្លូវជាតិលេខ៣ក្បែរៗគម្រោងចាស់ ប៉ុន្តែជាគម្រោងសង់វីឡា និងពុះឡូតិ៍រួមគ្នា ដោយគ្រាន់តែដើមទុន គឺយ៉ាងហោចក៏២០លានដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងចំណាយ បន្ទាប់បន្សំដែលមើលមិនឃើញនោះផង។ អ្វីដែលសំខាន់ គឺគម្រោងធំនេះ មានដីរហូតដល់ជាង៥០ហិកតា ហើយប្រើទុនខ្ពស់ ដែលលោកបានហៅការចូលហ៊ុនរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរ: សិរីមន្ត ជាមួយនឹងលោករួមគ្នាជាបីហ៊ុននាពេលនេះថា ជាការជួយដំណើរការបើកជំនួញដីធ្លីរបស់លោកដើរលឿន។

នៅមិនទាន់ដឹងថាលោក ព្រាប សុវត្ថិ និងលោកខេមរ: សិរីមន្ត បោះទុនក្នុងម្នាក់ប៉ុន្មានលានដុល្លារនោះទេ ប៉ុន្តែអ្វីដែលលោកឡេង ណាវ៉ាត់ត្រា បានទម្លាយ គឺបញ្ជាក់យ៉ាងច្បាស់ថា កំពូលតារាចម្រៀងទាំងពីរមិនបានកាច់កុងគ្នា ដូចអ្វីដែលមានការយល់ច្រលំនោះទេ។ ផ្ទុយទៅវិញ បើទោះជាមើលមួយភ្លែត គឺអ្នកទាំងពីរប្រកួតប្រជែងគ្នា ដណ្ដើមប្រជាប្រិយភាព និងទីផ្សារសិល្ប: តែសម្រាប់ទំនាក់ទំនងខាងក្រៅសិល្ប: គឺអ្នកទាំងពីរជាដៃគូជំនួញយល់ចិត្តគ្នា ទើបឈានដល់ការបោះទុនម្នាក់ៗមិនតិចជាងលានដុល្លារ ជាមួយនឹងលោក ឡេង ណាវ៉ាត់ត្រា បើកគម្រោងពុះឡូតិ៍រួមគ្នា និងមានសង់វីឡាលក់ផង ដែលនេះគឺជាជំនួញមិនធម្មតា៕

Loading...