ព័ត៌មានសិល្បៈ និងកម្សាន្ត

នូ សុផេន ជោគជ័យការបង្អួតវប្បធម៌ខ្មែរ លើទឹកដីជប៉ុន

ចាត់ទុកថា ជាការកោតសរសើរ ដែលក្រុមនិស្សិតមួយក្រុមទទួលបានជោគជ័យ ក្នុងការបង្អួតវប្បធម៍ នៅលើទឹកដីជប៉ុនក្នុងប៉ុន្មានថ្ងៃនេះ ក្រោមការរៀបចំទម្រង់វប្បធម៍ដោយ លោក នូ សុផេន ដែលត្រូវគេស្គាល់ថា ជាអ្នកផលិតកម្មវប្បធម៌ប្រចាំនៅទូរទស្សន៍អប្សរា។ នេះជាការបង្ហាញខ្លួនរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Cambodian Week ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ហើយជប៉ុនធ្វើជាម្ចាស់ផ្ទះ។

លោកនូ សុផេន បានថ្លែងបញ្ជាក់ពីជប៉ុនមកថា បញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍មួយនោះ កម្ពុជាទទួលបានកិត្តិយស និងការស្វាគមន៍យ៉ាងខ្លាំង តាមរយ:ម្ចាស់ផ្ទះឲ្យបង្ហាញវប្បធម៌ មុខម្ហូប និងអត្តសញ្ញាណរបស់ខ្មែរយ៉ាងផុសផុលនៅលើទឹកដីជប៉ុន ដោយសូម្បីតែទង់ជាតិ ក៏ត្រូវបានដាក់បង្ហាញនៅតាមដងផ្លូវ និងច្រកចូល ដែលនេះគឺជាមុខមាត់មួយរបស់កម្ពុជា។ លោកកាន់តែសប្បាយចិត្ត ពេលក្រុមការងារពីកម្ពុជា មានឱកាសរាំរបាំច្រើនទម្រង់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ខណ:ដែលជនជាតិជប៉ុនក៏បានគ្រងឈុតរបស់ខ្មែរ ហើយជួយរាំរបាំខ្មែរ ធ្វើឲ្យកាន់តែមានការចាប់អារម្មណ៍ ពីវប្បធម៌ខ្មែរទ្វេដង។

លោកថានេះ ជាវត្តមានរបស់និស្សិតខ្មែរតាមរយ:សកលវិទ្យាល័យមួយ តែបានទំនាក់ទំនងឲ្យលោកជាអ្នករៀបចំទម្រង់សិល្ប:យកទៅបង្ហាញ ខណ:ដែលក្នុងព្រឹត្តិការណ៍នោះ ទាំងតំណាងពីកម្ពុជា និងនិស្សិតរបស់បរទេស ក៏បានចូលរួមសម្ដែងក្នុងរឿងទុំទាវ ដើម្បីរំលេចពីអ្វីដែលជារបស់កម្ពុជា ឲ្យអណ្ដែតឡើងលើសពីការរំពឹងទុក។ លោកថាសប្បាយចិត្តណាស់ ដែលសំលៀកបំពាក់បុរាណខ្មែរ របាំខ្មែរ និងអត្តសញ្ញាណខ្មែរត្រូវបានបង្អួតខ្លួន យ៉ាងសង្ហារនៅលើទឹកដីជប៉ុន ខណ:ដែលព្រឹត្តិការណ៍នេះ លោកថាដ្បិតថា បាននឿយហត់ក្នុងការសម្រិតសម្រាំងសំលៀកបំពាក់ ជួយដល់និស្សិតដែលត្រូវបានអញ្ជើញទៅ ដើម្បីឲ្យបង្ហាញទម្រង់សិល្ប:របស់ខ្មែរ ដោយសុខចិត្តលះបង់ការងារក្នុងស្រុក ប៉ុន្តែលោកលោកថាពេញចិត្ត ជាពិសេសក្នុងពេលនិស្សិតតំណាងកម្ពុជាទាំងនោះ សុទ្ធតែមានឆន្ទ:សម្ដែងរបាំ ច្រៀង និងសម្ដែងឈុតបុរាណ ដោយការតាំងចិត្តខ្ពស់៕

មតិយោបល់