ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉េង ប៊ុនឡូ ស្ងាត់ៗបញ្ចេញស្នាដៃផលិតខ្លួនឯង

ទើបតែរំលេចស្នាដៃសម្ដែងក្នុងរឿង «កូនពស់កេងកង» របស់ហង្សមាសសោះ តារាចម្រៀង និងជាតារាសម្ដែង លោក ម៉េង ប៊ុនឡូ ស្រាប់តែបញ្ចេញស្នាដៃភាពយន្តថ្មីស្រឡាងមួយភ្លែត គឺរឿង «ចិញ្ចៀន» ដែលជាប្រភេទរឿងកំប្លែង និងភ័យរន្ធត់ ដែលលោកនឹងគ្រោងបង្អួតមហាជន នៅដើមឆ្នាំ២០១៩នេះ។ នៅមិនទាន់ដឹងថា នឹងមានសន្ទុះគាំទ្រកម្រិតណានោះទេ ប៉ុន្តែអ្វីដែលលោកជឿជាក់ គឺស្នាដៃដែលលោកប្រឹងប្រែងទាំងការសម្ដែង ទាំងការនិពន្ធ និងធ្វើជាអ្នកផលិតយ៉ាងលំបាកនេះ នឹងក្លាយជាស្នាដៃធ្វើឲ្យគេស្គាល់ថា លោកគឺជាតារាមួយរូប ដែលអាចក្លាយជាផលិតករដែលមានទឹកដៃទៅបាន។

លោក ម៉េង ប៊ុនឡូបានថ្លែងបញ្ជាក់ថា ហេតុផលដែលលោករយាលពីការសម្ដែងក្នុងរយ:ពេលចុងក្រោយ គឺលោកជាប់រវល់ នឹងការងារមុខជំនួញផ្ទាល់ខ្លួន និងការផលិតរឿង ដើម្បីបញ្ចេញស្នាដៃនេះតែម្ដង ខណ:ដែលភាពយន្តរឿង «ចិញ្ចៀន» ដែលលោកនិពន្ធ និងចូលរួមផលិតដោយផ្ទាល់នេះ មិនមែនជាស្នាដៃទី១ ហើយក៏មិនមែនជាស្នាដៃចុងក្រោយនោះដែរ ដោយសារតែពេលកន្លងមក លោកក៏ធ្លាប់បញ្ចេញស្នាដៃបែបនេះ ស្របគ្នាដែលលោក ក៏មានមហិច្ឆតាផលិតស្នាដៃ ដែលសម្ងំនិពន្ធបានមួយចំនួនទៀត ក្នុងពេលខាងមុខ។ លោកថាភាពយន្តរឿង «ចិញ្ចៀន» នឹងគ្រោងដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី៣ មករា ខាងមុខនេះហើយ ដើម្បីអបអរឱកាសឆ្លងឆ្នាំថ្មី និងឱកាសបុណ្យជាតិ៧មករាផង។

លោករំពឹងយ៉ាងខ្លាំងថា ស្នាដៃនេះនឹងទទួលបានការគាំទ្រខ្ពស់ ក្នុងចំណោមអ្នកស្នេហាវិស័យភាពយន្ត ដោយសារតែក្នុងភាពយន្តទាំងមូល លោកក៏បានរំលេចតួអង្គសំខាន់ៗ ដូចជាអ្នកនាង ទូច ស្រីលក្ខណ៍ កញ្ញា ដួង ម៉ានិច លោក លឹម រដ្ឋា លោក សុវណ្ណ គីរី និងអ្នកលេងក្បាច់គុនល្បុក្កតោច្រើនរូប ដែលលោកធានាថា តួអង្គសំខាន់ទាំងនេះ នឹងទាញអ្នកគាំទ្ររៀងៗ ខ្លួនបានច្រើន។
លោក ម៉េង ប៊ុនឡូ បញ្ជាក់ថា ក្នុងពេលខាងមុខលោក នឹងដើរតួជាផលិតករឲ្យកាន់តែស៊ប់ ខណ:ដែលក្នុងរយ:ពេលនេះ លោកក៏បានសំងំហ្វឹកហាត់ចំណេះដឹង និងក្បាច់គុន ចេះដឹងបានច្រើនទាំងបច្ចេកទេស និងសំងំទិញសម្ភារ:បានគ្រប់គ្រាន់។ យ៉ាងណាមិញ លោកថាមិនចោលការសម្ដែង និងអាជីពពិធីករនោះទេ ដោយសារតែលោក ក៏ត្រូវការបង្ហាញមុខមាត់នៅក្នុងពិភពសិល្ប: កុំឲ្យមហាជនភ្លេចមុខដូចគ្នា៕

មតិយោបល់