Post News Media ព័ត៌មានជាតិ តុលាការ តាមចា...

តុលាការ តាមចាប់ខ្លួនមេ​ប៉ុស្តិ៍​ម្នាក់ ដែលបើករថយន្តបុកមនុស្សស្លាប់៣នាក់

កំពង់ចាម: ករណីមេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រនៀង​ ​ចេញពីផឹក​ស៊ី​នៅ​ហាង​ខារ៉ាអូខេ​ បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​មនុស្ស​ស្លាប់​រហូត​ដល់​៣នាក់​​ ហើយ​ថែម​ទាំង​ជ្រុះ​បាត់​កាំភ្លើង​ខ្លី​១ដើម​ទៀត​នោះ​ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍​ត្រី​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ចាត់តាំង​កម្លាំង​ជំនាញ​ឲ្យ​ស្នើសុំ​ដីកា​តាម​ចាប់​ខ្លួន​ តែ​រហូត​មក​ដល់​ពេលនេះ​សមត្ថកិច្ច​ នៅ​មិន​ទាន់​ចាប់​បាន​ខ្លួន​ជនបង្ក​ ដើម្បី​​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅឡើយទេ​ ខណ:​ដែល​មហាជន​កំពុង​តែ​រង់ចាំ​មើល​ចំណាត់​ការ​របស់​សមត្ថកិច្ច​ ទាំង​មាន​ការ​សង្ស័យ​ថា​ មាន​គេ​រត់​ការ​បិទបាំង​សំណុំ​រឿង​ទៀតផង​។

គួររំលឹក​ផង​ដែរ​ថា​ លោក​អនុសេនីយ៍​ទោ មុក អ៊ុកសំអាត ជានាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្ដ១គ្រឿង​ដឹក​មិត្តភក្ដិ​៣នាក់​ទៀត​ ចេញពីផឹក​ស៊ី​​នៅ​ហាង​ខារ៉ាអូខេ យីហោ​ រស្មី​បូព៌ា​នៅ​ស្គន់ ដោយ​ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ក៏បាន​បុក​ជាមួយ​ម៉ូតូ១គ្រឿង បណ្ដាលឲ្យ​មនុស្ស​៣នាក់​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​​ជាបន្តបន្ទាប់​។ ក្រោយ​ពី​កើតហេតុ ​គេបាន​ឃើញ​មាន​រថយន្ត​១គ្រឿង​ម៉ាក​កាមរី​គូទស្វិត​ ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ​ភ្នំពេញ​2B-9179​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​រថយន្ត​របស់​ឈ្មោះ​ ហួន​ គុយ​អាន​ ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​សូយោង​ បាន​ចូល​ទៅ​រំដោះ​ជន​បង្ក​ រួច​ជិះ​សម្តៅ​ទៅទិស​ខាង​ជើង​បាត់​ស្រមោល​តែ​ម្តង​។

ហេតុការណ៍​នេះ ​បាន​កើត​មាន​ឡើង​កាល​ពី​វេលាម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ២០១៦​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ ស្ថិតក្នុង​ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឃើញរថយន្ដ ម៉ាកCamry ពណ៌ឈាមជ្រូក១គ្រឿង​ ពាក់ស្លាលេខភ្នំពេញ 2B-2253 បើកពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម 1H-8863 ដែលធ្វើដំណើរបញ្ច្រា​ស​ទិស​គ្នា​ បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ភា្លមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់​ដង្ហើម​ចង្រិត​។
ដែល​ជនរងគ្រោះ​ទាំង​៣នាក់​ មិន​មាន​ពាក់​មួក​សុវត្ថិភាព​នោះទេ​ គឺ​​ទី១-ឈ្មោះ ថុល វាសនា ភេទ​ប្រុស​ អាយុ១៨ឆ្នាំ ជា​អ្នក​បើកបរ​ម៉ូតូ​ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ទី២-ឈ្មោះ សែ វុទ្ធី ភេទ​ប្រុស​ អាយុ១៨ឆ្នាំ ជា​អ្នក​រួម​ដំណើរ​ ស្លាប់​នៅ​កន្លែង​កើត​ និងទី៣-ឈ្មោះ ថៃ ធា ភេទ​ប្រុស​ អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ អ្នក​ទាំង៣មាន​ទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​។

បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​កំពុង​តែ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​ ចំណាត់​ដ៏​មាន​ប្រសិទ្ធភាព​​របស់​សមត្ថកិច្ច​ ដែល​នឹង​តាម​ចាប់​ខ្លួន​បុគ្គល​ជា​មន្ត្រី​នគរបាល​បើកបរ​ក្នុង​ពេល​ស្រវឹង​ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ​ ដើម្បី​យក​មក​ផ្តន្ទា​ទោស​ជា​គំរូ​ និង​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំង​៣នាក់​ ហើយ​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​អាវុធ​ខ្លី​១ដើម​ ដែល​ត្រូវ​បាត់​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ផង​ដែរ​​៕

Loading...