ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ជំនួសជលផល​

សៀមរាប: ដើម្បីអនុវត្តតួនាទី និងភារកិច្ចជំនាញរបស់ខ្លួនក៏ដូចជាការឆ្លើយតបទៅនិងការប្រជុំដាស់តឿនរបស់ថ្នាក់ដឹកនាំទើបកម្លាំងនគរបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុក បានធ្វើការសហការជាមួយអាជ្ញាធរដែនដីកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាប្រភេទក្នុងបឹងទន្លេសាបយកមកកម្ទេចចោល។

ក្រុមការងារបង្ក្រាបទី១ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលរងស្រុក និងលោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចកោះក្រអែ ខាងលិចភូមិសាស្រ្ត ឃុំកំពង់ភ្លុកប្រហែល៤គីឡូម៉ែត្រ ដោយប្រើប្រាស់មធ្យោបាយកាណូត២គ្រឿង។

ជាលទ្ធផលបង្ក្រាប​បាន លបចំនួន៣ ស្បៃមុងប្រវែង១០៥០ម៉ែត្រ ចម្រឹងកូនឈើចំនួន៥០០ដើម ចំពោះឧបករណ៍ទាំងនេះត្រូវបានធ្វើការដុតបំផ្លាញចោលនៅហ្នឹងកន្លែងកើតហេតុ និងប្រលេងកូនត្រីចម្រុះ០៨គីឡូក្រាម។

ក្រុមការងារបង្ក្រាបទី២ លោកវរសេនីយ៍ទោ ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាងនគរបាលប៉ុស្តិ៍រដ្ឋបាកំពង់ឃ្លាំង ចូលរួមសហការជាមួយអាជ្ញាធរដែនដី បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចកោះដាច់ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជាលទ្ធផលបង្ក្រាបបាន លូស្បៃមុងចំនួន០៦គ្រឿង -របាំងសាច់អួនប្រវែង៣០០ម៉ែត្រ -ចម្រឹងកូនឈើចំនួន១៧០ដើម និងប្រលែងកូនចម្រុះ២០គីឡូក្រាមក្នុងបឹងធម្មជាតិវិញ។

ក្រុមការងារបង្ក្រាបទី៣ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង សហការជាមួយប្រជាការពារភូមិចុះបង្ក្រាបករណីប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ម៉ូទ័រឆក់) ។

ជាលទ្ធផលបង្ក្រាបបាន​ -ម៉ូទ័រឆក់ត្រី០២គ្រឿង -អាគុយ០២គ្រឿង -ត្រី១០គីឡូក្រាម ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បីធ្វើការឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។

ក្រុមការងារបង្ក្រាបទី៤ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចទំនប់៧៨ ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ និងសង្កាត់សំបួរ ក្រុង/ខេត្តសៀមរាប។

ជាលទ្ធផលបង្ក្រាបបាន -ក្បាលបរ និងអ៊ុយចំនួន២៥ក្បាល -ស្បៃមុងប្រវែង២២០០ម៉ែត្រ, ចម្រឹងកូនឈើ៧០០ដើម និងប្រលេងកូនត្រីចម្រុះ៧០គីឡូក្រាម ក្នុងបឹងធម្មជាតិវិញ។

ចំពោះឧបករណ៍ល្មើសទាំងអស់នេះ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលនៅហ្នឹងកន្លែងកើតហេតុតែម្តង។

គួររំលឹកថា ការបង្ក្រាបនេះ កម្លាំងជំនាញរដ្ឋបាលជលផលខ្លះទំនងជាមិនពេញចិត្តនោះទេដោយសារតែកម្លាំងនគរបាលចុះវាយបំបែកឆ្នាំងបាយរបស់ពួកគាត់ដូច្នេះ ហើយករណីចុះបង្ក្រាបនេះគេមិនឃើញមានមន្ត្រីជលផលចូលរួមនោះទេ៕

មតិយោបល់