ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​៥នាក់​ ​ពាក់ព័ន្ធករណី​គ្រឿង​ញៀន​

កំពង់ចាម:​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ក្នុងនោះ​ស្ត្រី​ម្នាក់​ទើប​តែ​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រោះតែ​គ្រឿង​ញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កក់​ និង​កម្លាំង​សន្តិសុខ​ការពារ​ចម្ការ​កៅស៊ូ​បឹង​កេត​ ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជាបន្តបន្ទាប់​ កាល​ពី​វេលាម៉ោង​២និង​៤០នាទី​រសៀល​ ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​បូរី​កម្មករ​ក្រុមហ៊ុន​ឡុង​ស្រែង​ ស្ថិត​ក្នុង​ភូមិ​បឹង​កេត​លើ​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

លោក​ប៉ាក​ សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​​បាន​ឲ្យដឹងថា​ ការ​​បង្ក្រាប​នេះ​គឺ​កម្លាំង​ជំនាញ​បាន​ប្រើ​វិធានការ​ញុះញង់​ ដើម្បី​ឃាត់​ខ្លួន​មុខសញ្ញាចែកចាយ​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ បានចំនួន៥នាក់​ ដែល​ជនសង្ស័យ​រួម​មាន​ ១-ឈ្មោះ ណូ ​ស្មាអែល​ ហៅពៅ​ ហៅបូរី ភេទប្រុស​ អាយុ៥៥ឆ្នាំ​ ជាតិ​ខ្មែរ​ឥស្លាម​ មានទីលំនៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុក​ក្រូចឆ្មារ​ បច្ចុប្បន្នដើរស្នាក់នៅគ្រប់កន្លែង។ ២-ឈ្មោះ ណូ​ ហាប់សោះ​ ភេទស្រី​ អាយុ៤២ឆ្នាំ​ ជាតិ​ខ្មែរ​ឥស្លាម​ នៅភូមិទីបី៣ ឃុំកំពង់ទ្រាស​ ស្រុកក្រូចឆ្មារ ជា​មុខ​សញ្ញា​ទើបតែដោះលែងពីពន្ធនាគារ នៅថ្ងៃទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ដដែល​។ ៣-ឈ្មោះ អែល​ អិលវី​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជាតិ​ខ្មែរ​ឥស្លាម​ នៅភូមិទីបី​ ឃុំកំពង់ទ្រាស​ ស្រុក​ក្រូចឆ្មារ​។ ៤-ឈ្មោះកូប​ ប៉ាហ្ស៊ី​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជាតិ​ខ្មែរ​ឥស្លាម​ នៅភូមិទី៣​ ឃុំកំពង់ទ្រាស​ ស្រុក​ក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។ និង​ទី​៥-ឈ្មោះសុង​ សេង​ ភេទស្រី​ អាយុ២៨​ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិបឹងកេតលើ​ ឃុំព្រែកកក់​ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម។

លោកបានបន្តថា ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ ​រឹបអូស​បាននូវ​វត្ថុតាង​រួមមាន​ ថ្នាំញៀនម្សៅក្រាមចំនួន១កញ្ចប់​ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង​ សម្ភារ:សេពគ្រឿងញៀនមួយចំនួនទៀត​ ប្រាក់ញុះញង់ចំនួន ៣៥0 000រៀល​ ម៉ូតូ១គ្រឿង​ ម៉ាកC125​ ពណ៌ក្រហម​ ស៊េរី​ឆ្នាំ​២០១០​ ឡើងតែម២០១៤​ លេខតួនិងលេខ​ម៉ាស៊ីន8500972 ស្លាកលេខ1B-0684​ និង​ទូរសព្ទម៉ាកមេតហ្វូន១គ្រឿង​ផង​ដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៥នាក់​ រួមជាមួយ​វត្ថុតាង​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ កសាងសំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់