ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកធ្លាក់ផ្លូវចំណោត បណ្តាលឲ្យមនុស្សយ៉ាងតិចជាង២០នាក់ រងរបួសនិងស្លាប់

ព្រះសីហនុ: យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី ក្មេងចាស់ជាង ២០នាក់ បានរងរបួសធ្ងន់ ស្រាល និងស្លាប់ ក្រោយពីពួកគាត់បានធ្វើដំណើរតាមរថយន្តមួយគ្រឿង ខណ:ដែលរថយន្តនោះបានបើកធ្លាក់ផ្លូវចំណោត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះ មានមនុស្សរួមដំណើរយ៉ាងតិចជាង២០នាក់ បានធ្វើដំណើរពីឧត្តុង្គខេត្តកំពង់ស្ពឺ។ ក្នុងនោះដែរ មានម្នាក់បានស្លាប់ និងខ្លះទៀតរងរបួសធ្ងន់និងស្រាល ខណ:ដែលរថយន្តខាងលើនេះបានបើកធ្លាក់ពីលើផ្លូវចំណោត ក្រោយពីបើករថយន្តចុះពីផ្លូវបេតុងវត្តលើ សង្កាត់លេខ១ មកសង្កាត់លេខ២ក្រុងព្រះសីហនុ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាអាចបណ្តាលមកពីរថយន្តដាច់ហ្វ្រាំង ឬអាចបណ្តាលមកពីអ្នកបើកបរ មិនស្គាល់ស្ថានភាពផ្លូវ។

ក្រោយពីកើតហេតុ ជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្តបន្ទាប់៕

មតិយោបល់