ព័ត៌មានជាតិ

រថ​យន្តឆ្លាមដឹក​ឈើប្រណីត​​មួយគ្រឿង មេព្រៃក្រុងបានលុងបង្ក្រាប​

រតនគិរី: រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំង​ជំនាញរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងឆ្មក់ចាប់បានកាលពីវេលាម៉ោង១និង៣៤នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងដែលចុះបង្ក្រាបនោះបានឲ្យ​ដឹងថា រថយន្តដែលបង្ក្រាបបានជារថយន្តប្រភេទឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២T-៤៣២៩ ដឹកឈើប្រណីតពេញក្នុងរថយន្ត ចេញពីស្រុកវ៉ើនសៃតាមដងផ្លូវលំមួយខ្សែឆ្លងកាត់ស្រុកអូរជុំ បម្រុងចូលទៅក្នុងខេត្តរតនគិរី ក៏ត្រូវកម្លាំង​ស្ទាក់ចាប់បានតែម្តង រីឯតៃកុងបានចុះរត់គេចខ្លួនភ្លាមៗផងដែរ។

ចំណែកឈើមានចំនួនប៉ុន្មាននោះ នៅមិនទាន់ដឹងនៅឡើយទេ រង់ចាំជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើរបាយការណ៍សិន។

បច្ចុប្បន្នរថយន្តដឹកបទល្មើស ត្រូវបានកម្លាំងសមត្ថកិច្ចមេព្រៃកណ្តាលរបស់ក្រសួងបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា រថយន្តខាងលើនេះ មិនបានបង់លុយឲ្យ​គេ ទើបធ្វើការបង្ក្រាបបង្អួតយកស្នាដៃឲ្យ​ថ្នាក់លើ ដោយឡែករថយន្តដែលដឹកឈើល្មើសផ្សេងទៀត គេមិនបង្ក្រាប ដោយសាររថយន្តទាំងនោះបានបង់លុយ​៕

មតិយោបល់