Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវស្ត្រីមេម៉ាយម្នាក់បបួលមកធ្វើប្តី ប្តឹងសមត្ថកិច្ចឲ្យមកពទ្ធ័ផ្ទះមួយយប់ ផ្អើលក្រុងស្វាយរៀង

ស្ត្រីមេម៉ាយម្នាក់ បបួលគេមកធ្វើប្តី ប្តឹងសមត្ថកិច្ចឲ្យមកពទ្ធ័ផ្ទះមួយយប់ ផ្អើលក្រុងស្វាយរៀង

ស្វាយរៀង: ស្នេហាស្ត្រីមេម៉ាយ និងបុរសមានភរិយា រាត្រីដំបូងក្លាយជារឿងចម្រូងចម្រាស់ដោយខាងប្រុស ភ័យខ្លាចបាត់បង់ព្រហ្មចារា ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ផ្អើលអស់ក្រុងស្វាយរៀង ក្រោយពីឃើញកម្លាំងមានសមត្ថកិច្ចប្រមាណជា២០នាក់ ឡោមពទ្ធ័ផ្ទះស្ត្រីមេម៉ាយខាងលើ អស់រយ:មួយយប់ទល់ភ្លឺចាប់ពីវេលាម៉ោង១២យប់កណ្តាលអាធ្រាត្រ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

មនុស្សម្នា មានការហួសចិត្តជាខ្លាំង ដោយសារតែឃើញគូរស្នេហ៍ទាំងពីរនាក់ បានជិះម៉ូតូឌុបមកពីដេកនៅផ្ទះសំណាក់ រួចត្រឡប់មកផ្ទះខាងស្រីវិញយ៉ាងរំភើយ ចំណែកសមត្ថកិច្ចព័ទ្ធផ្ទះទទេ អត់ងងុយពេញមួយយប់ទល់ភ្លឺ។

ទាក់ទិន្នករណីស្នេហាស្ត្រីមេម៉ាយហើយកើតរឿងរ៉ាវប្តឹងសមត្ថកិច្ចនេះ មានបុរសម្នាក់ដែលអះអាងថា ជាបងប្រុសជីដូនមួយរបស់បុរសគូស្នេហ៍ស្ត្រីមេម៉ាយនោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ប្អូនប្រុសជីដូនមួយរបស់ខ្លួន ដែលមានទីលំនៅឯរាជធានីភ្នំពេញ បានបាត់ខ្លួនចេញពីផ្ទះកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ ក្រោយពីបានដំណឹងថា ប្អូនប្រុសជីដូនមួយបានមកមានទាក់ទងស្នេហាជាមួយនារីម្នាក់នៅក្រុងស្វាយរៀង ហើយនារីដែលជាគូស្នេហ៍រូបនោះ មានរថយន្តមួយគ្រឿងម៉ាក TOYOTA CAMMRY បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3560។

ប្រភពដដែលបន្តថា លុះវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែធ្នូស្រាប់តែប្អូនប្រុសជីដូនមួយរូបនេះ បានទូរសព្ទប្រាប់ថា មកជួយយកខ្លួនពីភូមិរោងបន្លែ ក្រុងស្វាយរៀង ត្រឡប់ទៅផ្ទះវិញផង ព្រោះរូបគេត្រូវបានស្ត្រីមេម៉ាយជាគូស្នេហ៍ចាប់បង្ខាំងនៅក្នុងផ្ទះ ក៏ប្រញ៉ាប់ប្រញ៉ាលជួលរថយន្តតាក់ស៊ីម៉ែត្រនៅភ្នំពេញ ដើម្បីជិះមកកាន់ស្វាយរៀងរកប្អូន។ ក៏ប៉ុន្តែពេលមកដល់ចំណុចដែលប្អូនទូរសព្ទ ណាត់ឲ្យមកជួយគឺមិនឃើញទៅវិញ ចំណែកទូរសព្ទក៏តេលែងចូល។ ក្រោយមកក៏បានប្រទះឃើញរថយន្តមួយគ្រឿង ដែលប្អូនប្រុសជីដូនមួយធ្លាប់ជិះជាមួយនារីជាគូស្នេហ៍ នៅក្នុងរបងផ្ទះគេ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រកជនរងគ្រោះតែម្តង។

ដោយសារតែយប់កណ្តាលអាធ្រាត្រ សមត្ថកិច្ចបានត្រឹមដាក់កម្លាំងពទ្ធ័ផ្ទះដែលមានដាក់រថយន្តនៅក្នុងនោះពេញមួយយប់ទល់ភ្លឺ រហូតដល់ម៉ោង៨ព្រឹកថ្ងៃទី២៦ ខែធ្នូ ទើបសុំដីកាពីលោកព្រះរាជអាជ្ញា ចូលឆែកឆេរស្រាប់តែឃើញ គូស្នេហ៍ទាំងពីរ ជិះម៉ូតូឌុបមកផ្ទះវិញ ហើយប្រាប់ថា ខ្លួននិងប្តីមកពីដេកនៅផ្ទះសំណាក់គ្មានអ្វីទេ។

ក្រោយពីឃើញប្អូនប្រុសត្រឡប់មកគ្មានបញ្ហា ក៏សុំដកពាក្យបណ្តឹង ពីសមត្ថកិច្ចវិញ ថាយល់ច្រឡំ ក៏ប៉ុន្តែសមត្ថកិច្ចមិនព្រមសម្រួល ក៏បានអញ្ជើញគូស្នេហ៍ទាំងពីរនាក់ខាងលើ រួមនឹងរថយន្តទៅកាន់អធិការដ្ឋាននគបាលក្រុងស្វាយរៀង ដើម្បីសាកសួរ។ រហូតដល់វេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៦ដដែល សមត្ថកិច្ចមិនទាន់ដោះលែងអ្នកទាំងពីរទេ ហើយក៏មិនទាន់ឲ្យរថយន្តមកម្ចាស់វិញដែរទោះបីជាស្ត្រីមេម៉ាយម្ចាស់រថយន្ត បានបង្ហាញឯកសាររថយន្តយ៉ាងណាក៏ដោយ ព្រោះសមត្ថកិច្ចកំពុងដោះស្រាយ និងអប់រំ។

រីឯសាច់ញាតិខាងស្រីបាននិយាយថា គូស្នេហ៍ទាំងពីរនាក់នេះស្រឡាញ់គ្នាជាច្រើនខែមកហើយ រហូតខាងស្រីអះអាងថាជាប្តី ហើយបានបបួលបុរសជាគូស្នេហ៍(ប្តី )មកពីភ្នំពេញ ដើម្បីនាំមកឲ្យស្គាល់បងប្អូនសាច់ញាតិខាងស្រី និងមានទិញស្រាប៊ៀរចំនួនប្រាំកេះ និងម្ហូបក្លែម ផឹកស៊ី យ៉ាងសប្បាយ ក៏ប៉ុន្តែមានសាច់ញាតិខាងស្រីម្នាក់មានការសង្ស័យថា បុរសជាសាច់ថ្លៃរូបនេះមានប្រពន្ធ ហើយមកឆបោកប្អូនស្រីគេក៏បានក្លាយជាទំនាស់ពាក្យសម្តី ឈានដល់ផ្ទុះជម្លោះមួយប្រាវ ក៏ប៉ុន្តែត្រូវស្ត្រីអះអាងថាខ្លួនជាប្រពន្ធ បាននាំប្តីចេញពីវង់ផឹក ហើយឡើងជិះម៉ូតូទៅដេកនៅផ្ទះសំណាក់បាត់ឈឹង រីឯវង់ផឹកក៏បែកផ្លូវរៀងៗខ្លួន។

ចំណែកបងប្រុសជីដូនមួយ ដែលបានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បានបង្ហើបឲ្យដឹងថា ប្អូនប្រុសពិតជាមានប្រពន្ធ ពិតមែនមិនតែប៉ុណ្ណោះ ប្រពន្ធរបស់គេមានផ្ទៃពោះជិតគ្រប់ខែទៀតផង ទើបបាត់ចេញពីផ្ទះប្រពន្ធឲ្យជួយតាមរក។

ទាក់ទិន្នករណីខាងលើនេះដែរ លោក ប្រាក់ ជុត អធិការនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង បានឲ្យដឹងថា សមត្ថកិច្ចបានហៅ គូស្នេហ៍ទាំងពីរមកសាកសួរនៅអធិការដ្ឋាននគបាលក្រុងដើម្បីដោះស្រាយ តាមពាក្យបណ្តឹងរបស់បងប្រុសជនរងគ្រោះ ក៏ប៉ុន្តែក្រោយពីសាកសួរឃើញថា ជាការយល់ច្រឡំ ការពិតអ្នកទាំងពីរស្រ
ឡាញ់គ្នា ហើយខាងស្រីមេម៉ាយនាំប្តីមកស្គាល់សាច់ញាតិរបស់ខ្លួន។ ហើយពេលសាច់ញាតិខាងស្រីសួរនាំច្រើនភ័យលួចក៏ចេញទៅក្រៅ ទូរសព្ទឲ្យបងប្រុសជីដូនមួយមកយកត្រឡប់ទៅផ្ទះវិញ ហើយពេលគូស្នេហ៍នាំទៅដេកចៃដន្យ ទូរសព្ទអស់ថ្មគ្មានអីសាកថ្ម និងស្រវឹងផង ទើបដាច់ការទាក់ទងជាមួយបង ក៏ធ្វើឲ្យមានការភណ្ឌច្រឡំតែម្តង។

ក្រោយពីធ្វើការសាកសួររកឃើញថាគ្មានបទល្មើសក៏អប់រំហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅវេលាម៉ោង៣រសៀល៕

Loading...