ព័ត៌មានជាតិ

ក្បាលនាគពុះចែកទ្រូងផ្លូវ ក្លាយជាក្បាលនាគដាក់តាំងលក់ឡាន

ភ្នំពេញ: ក្បាលនាគពុះចែកទ្រូងផ្លូវក្បែរផ្សារដេប៉ូដែលបាក់ខ្ទាត់ចេញដោយរថយន្តបង្កគ្រោះថ្នាក់បុកបាក់នោះ បានលើកមកដាក់តាំងនៅកន្លែងលក់ឡានទៅវិញ ហូតមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅមិនទាន់មានអាជ្ញាធរជំនាញ និងពាក់ព័ន្ធចុះមករៀបដាក់ឲ្យបានត្រឹមត្រូវវិញនោះនៅឡើយទេ។ ដូច្នេះសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរជំនាញពាក់ព័ន្ធជួយមើលបញ្ហានេះផង ព្រោះចំណុចដែលបាត់ក្បាលនាគពុះចែកទ្រូងផ្លូវនេះមិនមានចំណាំងផ្លាតនោះទេអាចនឹងងាយបង្កគ្រោះថ្នាក់ចរាចរណ៍។

គួរំលឹកផងដែរថា កាលវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ) កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តារ៉ាសំដែងភេទទីបីកញ្ញា ប៉ុប ពី បើករថយន្ដម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5841 ទាំងស្ថានភាពស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែលជិត២០ម៉ែត្រ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខទៅមុខលែងរួច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ)ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែល២០ម៉ែត្រ និងមួយកង់ទៀតខូចខាតបន្តិចបន្ទួច ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច ហើយក្នុងហេតុនេះដែរ គឺមិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។ ក្រោយពីបង្កហេតុតារ៉ាសំដែង កញ្ញា ប៉ុប ពី បានចុះពីរថយន្ដ បានត្រឺមឈរសើច និងចុចទូរសព្ទប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់៕

មតិយោបល់