ព័ត៌មានជាតិ

គ្រូពេទ្យរ៉ាក់បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យ​បុរសម្នាក់ស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពី​រូបគេ​​ជិះម៉ូតូម្នាក់ឯង ត្រូវរថយន្តម៉ាកបាឡែនមួយគ្រឿងបើកបុកពេញទំហឹងផ្ទប់នឹងបង្គោលភ្លើង ហើយរថយន្តបានក្រឡាប់ទៅមុខលែងរួច​​​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦  ស្ថិតនៅលើកំណាត់​ផ្លូវ១៦៣ កែងនឹងផ្លូវ៤៧០ ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា រថយន្តបង្ក​ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-3913 បើកបរដោយស្ត្រីម្នាក់ឈ្មោះ មាន ម៉ាឡុងវី អាយុ៤៨ឆ្នាំ មុខរបរពេទ្យនៅអង្គការរ៉ាក់ ។ ចំណែកជនរងគ្រោះឈ្មោះ ផាត លីហ៊ួរ អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1S-5182។

ក្រោយ​កើតហេតុស្រ្តីបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំ​មកប៉ុស្តិ៍នគរបាលទួលទំពួង២ ដើម្បីធ្វើការសាកសួរ រីឯកសាកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្ត និងម៉ូតូសមត្ថកិច្ចអូសមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់