ព័ត៌មានជាតិ

សំណុំរឿង​ ក្លែងឯកសារពន្ធដា បំផ្លាញចំណូលជាតិ តុលាការសម្រេច​ជាផ្លូវការ​

ភ្នំពេញ៖ ក្រោយពីទទួលយកសំណុំរឿង ទៅពិនិត្យ និងចាត់ការអស់រយ:២ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ហ៊ត ចិន និងបក្ខពួកចំនួន ៤នាក់ដែលកំពុងរត់គេចខ្លួន ពីបទ ក្លែងត្រា ក្លែងឯកសារសាធារណះ ប្រើប្រាស់ត្រាក្លែង ផ្តល់ឯកសារដោយទុច្ចរិត និងសមគំនិតក្នុងអំពើក្លែងត្រា ក្លែងឯកសារសាធារណះ ប្រើប្រាស់ត្រាក្លែង ផ្តល់ឯកសារដោយទុច្ចរិត យោងតាមមាត្រា ២៩ មាត្រា ៦២៦ មាត្រា ៦២៩ មាត្រា ៦៣១ មាត្រា ៦៦១ និងមាត្រា ៦៦២ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “យើងសូមរក្សាសិទ្ធិចំពោះឈ្មោះជនជាប់សង្ស័យ៤នាក់ទៀតដោយសារពាក់ពន្ធ័នឹងការសើបសួរបន្ត”

តើសំណ៊ំរឿងមួយនេះនឹងត្រូវចៅក្រមស៊ើបសួររូបណានឹងចាត់ការបន្តនីតិវិធីស៊ើបសួរនោះ លោក លី សុផាណា សន្យាថា នឹងជម្រាបជូនអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦បន្ថែមទៀត។

សូមបញ្ជាក់ថា សំណ៊ំរឿង ក្លែងឯកសារពន្ធដា ដោយខុសច្បាប់ បំផ្លាញចំណូលជាតិដ៏ធំធេងនេះ គឺជាលើកទីមួយហើយដែលត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រគល់ជូនច្បាប់ចាត់ការ ខណ:ខឿនសេដ្ឋកិច្ចជាតិត្រូវពឹងផ្អែកមួយភាគធំលើវិស័យពន្ធដា ប៉ុន្តែដោយសារបច្ចេកវិទ្យាទំនើប បែរជាក្រុមជនឧក្រិដ្ឋរបស់ឈ្មោះ ហ៊ត ចិន ឆ្លៀតឱកាសកេញយកប្រាក់បំពេញមហិច្ចតា ទុច្ចរិតធ្វើមានធ្វើបាន ដោយមិនគិតអំពីប្រយោជន៍ជាតិទៅវិញ។

គួររំលឹកថា ជនសង្ស័យ ឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនកាលពី ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនៅចំណុច ដីឡូតិ៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ គ្រាដែលជនសង្ស័យកំពុងជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1FB-7917។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ឯកសារពាក់ព័ន្ធនឹងពន្ធដាក្លែងក្លាយមួយចំនួនរួមមាន៖
ប័ណ្ណបើកបរចំនួន២០ច្បាប់ -ប័ណ្ណ តរួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់ -ពន្ធនាំរថយន្តចូល (ម្ញ៉ែត) ចំនួន១៣ច្បាប់ -ប័ណ្ណ សម្គាល់ យាន យន្ត (កាតគ្រី) ចំនួន៦ច្បាប់ -ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន១៥ច្បាប់ និង សម្ភារផលិតក្រដាសពន្ធក្លែងក្លាយមួយចំនួនធំ ។​

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេបានផលិត និងក្លែងឯកសារសាធារណ: ក្លែងត្រា ប្រើប្រាស់ ឯកសារក្លែងក្លាយបែបនេះអស់រយ:ពេល៧ខែមកហើយ ដោយរូបគេបានទៅរៀន និងទិញម៉ាស៊ីនផលិត មកពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង១ម៉ឺនដុល្លារ។ របាការណ៍ដដែលបញ្ជាក់ថា ក្រោយរូបគេផលិតបានឯកសារក្លែងក្លាយទាំងអស់គ្រប់ចំនួនកំណត់តាមតម្រូវការភ្ញៀវរួច រូបគេយកទៅឱ្យភ្ញៀវក្នុងតម្លៃពី ១០០០ដុល្លារ ទៅ ២៥០០ ដុល្លារ និងមានតម្លៃផ្សេងៗទៀតទៅតាមឯកសារជាក់ស្តែង៕

វីដេអូ៖

មតិយោបល់