ព័ត៌មានជាតិ

ក្មេងស្ទាវ៣នាក់ រួមនិងថ្នាំញៀនជាង៥០កញ្ចប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងកងអន្តរាគមរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោគធ្វើការចាប់ឃាត់ខ្លួនដកហូតបានថ្នាំញៀនជាង៥០កញ្ចប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ២៣ ក្រុម១០៩ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ លី ចក្រី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបលក់សៀវភៅ ស្នាក់នៅម្តុំវត្តញាណរង្សី ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ទី២ឈ្មោះ ឯម ដានីត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរលក់សៀវភៅ និងវាយសារ៉ាស្បែកជើង ស្នាក់នៅសង្កាត់បឹងកក់១ ផ្ទះលេខ៣២៦ ផ្លូវ៣៣ ក្រុម២ ខណ្ឌទួលគោក និងជនសង្ស័យទី៣ឈ្មោះ សែម សេរី ហៅ ទី ភេទប្រុស អាយុ១៣ឆ្នាំ មានមុខរបរលក់សៀវភៅ
ស្នាក់នៅម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀនចំនួន ៥៤កញ្ចប់តូច និង១កញ្ចប់ធំ រួមនឹងលុយមួយចំនួនផងដែរ។

សមត្តកិច្ចបានបន្តឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងអន្តរាគមរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ខណ:នោះក៏ប្រទះឃើញ ជនសង្ស័យទាំង៣នាក់ កំពុងឈរធ្វើសកម្មភាពចែកចាយគ្រឿងញៀន ដោយមានការ សង្ស័យសមត្ថកិច្ចក៏ឃាត់ដើម្បីសាកសួរនិងត្រួតពិនិត្យក៏ រកឃើញសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៥៤កញ្ចប់តូច និង១កញ្ចប់ធំ រួមនឹងលុយមួយចំនួន ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់