ព័ត៌មានជាតិ

រថយន្តដឹកឈើមួយគ្រឿង ត្រូវសមត្ថកិច្ចបង្ក្រាបបាន ខណៈដែលបង្កគ្រោះថ្នាក់ចរាចរណ៍

កំពង់ចាម: រថយន្តកាមរី កែច្នៃមួយគ្រឿង ដឹកឈើប្រណីតពេញលើរថយន្ត បានបង្កគ្រោះថ្នាក់ចរាចរណ៍ទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យបែកកង់មុខ ១គ្រាប់ ទៅមុខលែងរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទី យប់ ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើស្ពាន គីហ្សូណា ត្រើយខាងកើត ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរី កែឆ្នៃមួយគ្រឿង ដឹកឈើប្រណីតប្រភេទធ្នង់មុខកាត់ពី២០ ទៅ៣០ សង់ទីម៉ែត្រ ប្រវែងជាង២ម៉ែត្រ ចំនួន១២ដុំ បើកបរក្នុងទិសដៅពីលិចមកកើត (ពីខេត្តកំពង់ចាម ឆ្ពោះទៅខេត្តត្បូងឃ្មុំ) ដើម្បីយកទៅលក់បន្ត នៅប្រទេសវៀតណាម តែសំណាងអាក្រក់រថយន្តដឹកឈើខាងលើ បានបើកទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យបែកកង់មុខ ១គ្រាប់ ទៅមុខលែងរួច។ ចំណែកអ្នកបើកបររថយន្តដឹកឈើ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការរឹបអូស រថយន្តដឹកឈើខាងលើ មកប្រគល់ឲ្យខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ តែម្ដង ព្រោះថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ប្រភពដដែលបន្តឲ្យដឹងថា បានជាសមត្តកិច្ចបង្ក្រាប ក៏ព្រោះតែរថយន្តដឹកឈើប្រណីតនេះ បានជួបគ្រោះថ្នាក់ចារាចរណ៍ ជាមួយនឹងរថយន្តមួយគ្រឿងទៀត ហើយក៏បែកកង់ធ្វើដំណើទៅមុខលែងរួច ទើបបានជាសមត្ថកិច្ចមកបង្ក្រាប។ មិនតែប៉ុណ្ណោះត្រូវគេដាក់ការសង្ស័យថា រថយន្តដឹកឈើនេះ ពិតជាមានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ចតាមដងផ្លូវ ពីខេត្តកំពង់ចាមរហូតដល់ខេត្តត្បូងឃ្មុំ ទើបហ៊ានដឹកឈើពេញលើរថយន្ត ដូចដឹកអេតចាយបែបនេះ។

បច្ចុប្បន្ន រថយន្តដឹកឈើប្រណីតខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់