ព័ត៌មានជាតិ

ក្រឡាបញ្ជីម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក៣ឆ្នាំ អនុវត្តទោសត្រឹមតែ៥ខែ

ភ្នំពេញ: ក្រោយពីបើកសវនាការជំនុំជម្រះអស់រយ:ពេលប្រមាណជា២ម៉ោងរួចមក នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ លោក ឋាន់ ឡេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមភ្លាមៗសម្រេចផ្តន្ទាទោសឈ្មោះ វ៉ា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជាអតីតក្រឡាបញ្ជីតុលាការកំពូល ដាក់ពន្ធនាគារកំណត់រយ:ពេល៣ឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែ៥ខែតែប៉ុណ្ណោះ ហើយទោសដែលនៅសល់គឺព្យួរធម្មតា និងតម្រូវឲ្យសងប្រាក់ខាតបង់ទៅដើមបណ្តឹងចំនួន ៦ពាន់ដុល្លារក្រោមបទចោទប្រកាន់ ពីបទវីតិក្រម និងបទរំលោភអំណាច ប្រព្រឹត្តអំឡុងខែឧសភា ខែមិថុនា និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ យោងតាមមាត្រា៣២ និងមានមាត្រា៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មាត្រា១០៨ មាត្រា៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការឈ្មោះ វ៉ា ពិសិដ្ឋ បានសារភាពថា ខ្លួនពិតជាទាមទារលុយពីឈ្មោះ ស៊ឹម មាស ចំនួន៩ពាន់ដុល្លារជាថ្នូរនឹងការសន្យាថា រត់ការឲ្យឈ្មោះ ស៊ឹម មាស ឈ្នះក្តីនៅតុលាការកំពូលពាក់ព័ន្ធសំណុំរឿងរំលោភទំនុកចិត្ត។ ជនជាប់ចោទបានបន្ដថា ក្រោយពីខ្លួនទទួលបានលុយ៦ពាន់ដុល្លារ រួចហើយ លុះដល់ខ្លួនទាមទារលុយ ៣ពាន់ដុល្លារបន្ថែមទៀតក៏ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង។

គួររំលឹកថា ជនជាប់ចោទឈ្មោះ វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារ PJ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

សូមកត់សម្គាល់ថា មានសំណុំរឿងពុករលួយរបស់លោក ស៊ុត ឌីណា ដែលជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទល្មើសដូចគ្នានឹងលោក វ៉ាត ពិសិដ្ឋ នេះដែរត្រូវតុលាការផ្តន្ទាទោសរហូតទៅដល់៥ឆ្នាំឯណោះ ប៉ុន្តែមជ្ឈដ្ឋានអ្នកច្បាប់មួយចំនួនបានបញ្ជាក់ថា វាជាឆន្ទានុសិទ្ធិរបស់តុលាការ។

ដោយឡែករឿងរបស់លោកមេធាវី ពេជ រតនា ដែលតុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃស្អែក ពាក់ព័ន្ធរឿងពុករលួយផងដែរនោះ ក៏ត្រូវតុលាការប្រើឆន្ទានុសិទ្ធិដោះលែងឲ្យនៅក្រៅឃុំយ៉ាងរំភើយក្រោយពេលឃុំខ្លួនបានត្រឹមមួយចម្អិនកំពិស។
ដែលមហាជនយល់ថា ឆន្ទានុសិទ្ធិរបស់តុលាការហាក់ប្លែកពីគ្នា ទៅតាមសំណុំរឿង ទោះជារឿងនោះស្រដៀង ឬដូចគ្នាក៏ដោយចុះ៕

មតិយោបល់