ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបរថយន្តតាកូម៉ា១គ្រឿងដឹកឈើល្មើសច្បាប់

ស្ទឹងត្រែង: អាវុធហត្ថក្រុងស្ទឹងត្រែងបានធ្វើការបង្ក្រាប និងឃាត់រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់១គ្រឿង កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះចម្ការម៉ៃសាក់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់រថយន្តខាងលើ អាវុធហត្ថបានរកឃើញព្រមទាំងចាប់យកវត្ថុតាងមួយចំនួនរួមមាន ទី១. ឈើច្នៃមិនទាន់រួច ថូផ្កាទំហំ៤៥x៤៥ ប្រវែង១៨០សង់ទីម៉ែត្រ ចំនួន៣ដើម។ ទី២. ដុំកៅអីតុក្កតា ទំហំ៤០x៤០ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន១០ដុំ។ ទី៣. រថយន្តចំនួន១គ្រឿង ម៉ាកតាកូម៉ា។ ទី៤. ទូរសព្ទ ចំនួន១គ្រឿង។ និងទី៥. នាឡិកា ចំនួន១គ្រឿង។ ចំពោះករណីនេះ អាវុធហត្ថបានធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ ផងដែរ ដែលជាអ្នកពាក់ព័ន្ធជាមួយករណីខាងលើនេះ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានអាវុធហត្ថរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់