ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិវៀតណាមជិត១០នាក់ ក្នុងសង្កាត់ផ្សារកណ្តាល១

ភ្នំពេញ: កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះបង្ក្រាបជនជាតិវៀតណាមប្រុសស្រីចំនួន៩នាក់ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងលក់កាហ្វេ និងស្រាប៊ៀរអង្គរ យីហោ នីតា មួយកន្លែង ដែលមានទីតាំងនៅផ្ទះលេខ៨០ ផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ រួមនឹងនគរបាលខណ្ឌដូនពេញ ជាច្រើន ចុះមកត្រួតពិនិត្យការស្នាក់នៅនិងការប្រកបការងារ របស់ជនបរទេសនៅចំណុចហាងកើតហេតុខាងលើ ប៉ុន្តែខណ:ដែលសមត្ថកិច្ចចុះទៅដល់ហាងលក់កាហ្វេ និងស្រាប៊ៀរយីហោ នីតាខាងលើ បែរជាឃើញជនជាតិវៀតណាមទាំងនោះ កំពុងតែអង្គុយលេងល្បែងបានស្ទុះរត់ចូលក្នុងបន្ទប់រួចចាក់សោ សម្ងំនៅខាងក្នុង ប៉ុន្តែជាលទ្ធផល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានចំនួន ៩នាក់ ក្នុងនោះមានស្រីចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរកឃើញថា ពួកគេទាំង៩នាក់ បានលួចឆ្លងដែនខុសច្បាប់ ចូលមកស្នាក់នៅនិងប្រកបការងារនៅក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត។

បច្ចុប្បន្នជនជាតិវៀតណាម ប្រុសស្រីទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់