ព័ត៌មានជាតិ

ក្របួចបាន​ម្នាក់ រត់រួច២នាក់ បន្ទាប់​ពីធ្វើសកម្មភាព​ឆក់កាបូបពី​ស្រ្តីម្នាក់​

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងល្បាតនៃកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ខ្មៅ បានសម្រេច និងម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៦។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅក្រោមស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ។

ស្ត្រីរងគ្រោះមានឈ្មោះ ហាន ស៊ីយ៉ា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ផ្ទះលេខ២៨ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូស្កុបពី ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ 1AU-6853 បានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយ​ផ្លូវសហព័ន្ធរុស្ស៉ី មកដល់ចំណុចគល់ស្ពានអាកាស៥មករា ក៏ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងឃ្លិក និងឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខភ្នំពេញ 1DF-4215 ចំនួន២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ខ្មៅ ដែលស្ពាយចំហៀង បានសម្រេច ហើយស្ត្រីរងគ្រោះ បានជិះដេញតាមរហូតដល់ផ្លូវរថភ្លើង ក៏ត្រូវកងកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើសកម្មភាពឆក់ និង ជិះខាងក្រោយបាន រួមជាមួយម៉ូតូហុងដា សេ១២៥ ផងដែរ ។

ជនសង្ស័យឈ្មោះ ឆាង សុខគា ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកឆក់ ស្នាក់នៅផ្ទះនៅម្តុំបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែកជនសង្ស័យម្នាក់ទៀតជាអ្នកឌុបមានឈ្មោះ អាហាក់ និង ជនសង្ស័យជិះម៉ូតូឃ្លិចមានឈ្មោះ អាសាល បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃុំខ្លួនបណ្តោះអាសន្ន នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់