ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសមេធាវីម្នាក់ ដាក់គុក៥ឆ្នាំ អនុវត្តទោស២ឆ្នាំ

ភ្នំពេញ: លោក ពេជ រតនា មេធាវី ដែលជាមេធាវីមានសំណាងបំផុតស្ទើរមិនគួរឲ្យជឿ ព្រោះតែហ៊ានប្រព្រឹត្តអំពើពុករលួយហើយ ប៉ុន្តែត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំយ៉ាងរំភើយនោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយ:ពេល៥ឆ្នាំ ដោយអនុវត្តទោសត្រឹមតែ២ឆ្នាំ ទោសនៅសល់ត្រូវព្យួរធម្មតា ហើយតុលាការក៏មិនចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ពេជ រតនា យកទៅអនុវត្តទោសឡើយ។

លោក ពេជ រតនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី អត្តលេខ ៣៤៦ មានប្រពន្ធឈ្មោះ សាន សាក់នី មុខរបរក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ រស់នៅផ្ទះលេខ ២ដេ ផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទ ប៉ុនប៉ងសូកប៉ាន់ចៅក្រម ប្រព្រឹត្តនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅពហុកីឡាដ្ឋានអូឡាំពិក យោងតាមមាត្រា៤ ចំណុច១៧ មាត្រា៣២នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងនឹងការសម្រេចផ្តន្ទាទោសលើលោក ពេជ រតនា នេះ លោក ស្វាយ តុញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា វាជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលតុលាការគិតថា គួរតែសម្រេចបែបបនេះ។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ជនជាប់ចោទឈ្មោះ ពេជ រតនា បានឆ្លើយថា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ខ្លួនពិតជាបានយកលុយចំនួន ៥ ០០០ដុល្លារពីកូនក្តីឈ្មោះ សេង សាវី ភេទស្រី ទៅសុំតំកល់ឲ្យចៅក្រមស៊ើបសួរ ឈ្មោះ ជួន សុរាសី មែន ដើម្បីជាការតំកល់កុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ និងឃុំខ្លួនកូនក្តីលោក ខណ:ដែលកូនក្តីលោកជាប្តីអ្នកស្រី សេង សាវី ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីរួចមកហើយ។ ទោះយ៉ាងណាជនជាប់ចោទរូបនេះបាន បញ្ជាក់ថា ចៅក្រមស៊ើបសួរ មិនព្រមទទួលយកសំណើសុំ ជាការតំកល់ប្រាក់នោះទេ ហើយនៅគ្រាដែលលោកចាកចេញពីតុលាការក្រុងភ្នំពេញក៏ត្រូវ សមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ពេជ រតនា ត្រូវបានលោ​ក​ លី​ លីបម៉េង​ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ​ (PJ)​ កាលពីល្ងាចថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០១៦កន្លងទៅ៕

មតិយោបល់