ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង ងិន ពេជ្រ សម្រេចដោះលែងមេកន្ទុយលេខ ខណៈសម្តេចតេជោ និងសម្តេចក្រឡាហោម បញ្ជាឲ្យបង្ក្រាបល្បែងស៊ីសង

ភ្នំពេញ: ក្រោយពីមានការដាក់ចេញនូវសេចក្តីណែនាំស្តីពី ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសពីសំណាក់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាពេលថ្មីនេះ និងធ្លាប់មានបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ផងនោះ នគរបាល និងមន្ត្រីពាក់ព័ន្ធបានខិតខំប្រឹងប្រែងដុតដៃដុតជើងដើម្បីចាប់បង្ក្រាប និងបញ្ជូនទៅឲ្យតុលាការចាត់ការតាមច្បាប់ ប៉ុន្តែអ្វីដែលគួរឲ្យអស់សង្ឃឹមនោះគឺ សមត្ថកិច្ចខំចាប់បែរ ជាតុលាការខំលែង ហាក់ដូចជា ដើរបញ្ច្រាសគ្នានឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទៅវិញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ងិន ពេជ្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីជាជនសង្ស័យមេកន្ទុយលេខចល័តម្នាក់ឈ្មោះ គង់​ ចន្ធី ភេទស្រី​ អាយុ៤០ឆ្នាំ ឲ្យមានសេរីភាពវិញ ក្រោយពីជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងការដោះលែងជនសង្ស័យខាងលើនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងតាម Telegram ថា តាមសេចក្តីរាយការណ៍ពីនគរបាលយុត្តិធម៌បញ្ជាក់ថា ជនសង្ស័យគ្រាន់តែជាភ្នាក់ងារទទួលកត់លេខឆ្នោត មិនមែនមេកន្ទុយលេខ ឬអ្នកស៊ីសងនោះឡើយ។

សូមបញ្ជាក់ថា ស្ត្រីជនសង្ស័យឈ្មោះ គង់​ ចន្ធី​ អាយុ៤០ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបាន នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ខណ:ជនសង្ស័យកំពុងតែដើរកត់កន្ទុយលេខតាមរ៉ឺម៉ក់កង់បី នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។

នៅក្នុងប្រតិបត្តិការបង្ក្រាបមេកន្ទុយលេខខាងលើនេះ សមត្ថកិច្ចបានដកហូតម៉ូតូរ៉ឺម៉កកង់បីចំនួន១គ្រឿង លុយខ្មែរចំនួន២លាន២០ម៉ឺនរៀល លុយដុល្លារចំនួន២០០ដុល្លារ និងសម្ភារកត់កន្ទុយលេខមួយចំនួនទៀត។

គួររំលឹកផងដែរថា លោក ងិន ពេជ្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះត្រូវបានក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿងឃាតកម្មលើស្ត្រីយោធាម្នាក់ឈ្មោះ លី ដាវី ហៅច្រឹប បានដាក់លិខិតសុំការអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារតែលោក ងិន ពេជ្រ បានប្តឹងប្តូរបទចោទប្រកាន់លើជនជាប់ចោទឈ្មោះ ម៉ី​ គឹមហេង​ ហៅ​ ដំ​ អាយុ​ ២១ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន មកជាបទ ឃាតកម្ម វិញ ពោលគឺប្តូរពីទោសធ្ងន់មកទោសស្រាល៕

មតិយោបល់