ព័ត៌មានជាតិ

Update ៖ ផ្ទុះកង់រថយន្ត បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលកំពុងប៉ះកង់រថយន្ត ដែលម្ចាស់រថយន្តបានដឹកយកមកឲ្យប៉ះ រួចក៏សប់ខ្យល់បែរជាផ្ទុះចំជនរងគ្រោះតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១១ និង៣០ នាទី ព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជនីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង បានដឹកយកកង់រថយន្តដែលធ្លាយ យកមកឲ្យយុវជនរងគ្រោះឈ្មោះ ម៉ៅ វរ: អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើប៉ះ ហើយក៏បានបើករថយន្តចេញទៅ។ ចំណែកយុវជនរងគ្រោះ បានប៉ះកង់រួចរាល់ ហើយក៏បានទាញស្នប់មកសប់ ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែក បណ្តាលឲ្យមានការណ៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នា រត់មកមើលស្រាប់តែឃើញយុវជនរងគ្រោះ ដេកដួលសន្លប់ហូរឈាមតាមច្រមុះ និងមាត់ទៅហើយ ទើបដឹងថាយុវជនខាងលើរងគ្រោះដោយសារសប់កង់រថយន្តលើសចំណុះ។ ភ្លាមៗនោះជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ។

គួរបញ្ជាក់ផងដែរថា កន្លងមកនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏ធ្លាប់មានបុរសម្នាក់ បានរងរបួសរហូតស្លាប់បាត់បង់ជិវិត ដោយសារតែសប់កង់រថយន្តបែបនេះដែរ។ ដូច្នេះសូមបងប្អូនដែលប្រកបមុខរបរជាងប៉ះកង់រថយន្ត សូមមានការប្រុងប្រយត្ន័ឲ្យបានគ្រប់ៗគ្នា៕

មតិយោបល់