ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ដួលទៅលើថ្នល់ ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកកៀនស្វាយ

កណ្តាល: យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្ត១គ្រឿងមកបុកចំពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ចន្លោះKmលេខ២៤.២៥នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសាក្សីបានឃើញហេតុការណ៍និយាយថា ជនរងគ្រោះជិះ១ម៉ូតូ ម៉ាក ភូសា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CG.១៦.៥៧បានធ្វើដំណើរចេញពីអ្នកលឿងទិដៅទៅភ្នំពេញលុះមកដល់ត្រង់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FY,៣៤,៩១ បុកពីក្រោយពេញទំហឹងនឹងបានដួលទៅថ្នល់ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកភ្នំពេញ ២.០៥៤៧ ដំណើរស្របទិសគ្នា មកដល់ត្រង់ចំណុចកើតហេតុបានបុកជនរងគ្រោះចំពេញទំហឹង បណ្តាលស្លាប់ម្នាក់ ដោយ ឡែក រថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់។

លោក ព្រុំ សំណាង អធិការរងស្រុកផ្នែកចរាចរណ៍បានឲ្យដឹងថា ជន រងគ្រោះឈ្មោះ ប៊ិន ប៉ូរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែតូច ឃុំព្រែតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ​ រីឯកសាកសព សមត្ថកិច្ចធ្វើ​ការទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី៕

មតិយោបល់